សៀមរាប ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូលឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តបែនដឹកដី ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ វ៉ាត់ ចាន់ធា ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុភាគីខាងជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AQ-5860 ធ្វើដំណើរពីកើតទៅលិចល្បឿនលឿន ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ក៏ជ្រុល ទៅបុកពីក្រោយរថយន្តបែនដឹកដី ម៉ាកនីសាន់ កង់៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ចង្កូតស្តាំ SR-0752 កំពុងបើកស្របទិសគ្នា បណ្តាលឱ្យបោកផ្ទប់រងរបួសធ្ងន់ អ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័

Share.