សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលិស្ទិក ចំនួន ២គ្រាប់ នៅថ្ងៃចន្ទ ដើមខែនេះ ហើយគ្រាប់ទី២ អាចនឹងបរាជ័យ និងបានផ្ទុះនៅលើអាកាស ហើយបានធ្លាក់ក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង លោក Lee Sung-joon បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយថា «កូរ៉េខាងត្បូងនៅតែកំពុងវិភាគលើការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើង ហើយមិនទាន់មានការបញ្ជាក់ភ្លាមៗថា តើមានអ្នកស្លាប់ រងរបួស ឬការខូចខាតទ្រព្យសម្បត្តិរបស់កូរ៉េខាងជើងនោះទេ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់ ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលិស្ទិករយៈចម្ងាយខ្លីចំនួន ២គ្រាប់ កាលពីវេលាម៉ោង ៥:០៥នាទីព្រឹកថ្ងៃចន្ទ នេះ ដែលហោះបានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ និងគ្រាប់ទី២ ដែលហោះបានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីតំបន់ក្បែរឆ្នេរភាគខាងលិច។

យ៉ាងណាម៉ិញ គ្រាប់ទី២ របស់មីស៊ីលប៉ាលិស្ទិកនោះ អាចធ្លាក់ក្នុងតំបន់ជិតទីក្រុង ព្យុងយ៉ាង របស់កូរ៉េខាងជើង ប៉ុន្ដែលោក Lee ថា យោធាមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះទេ។

អគ្គសេនាធិការចម្រុះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងក៏ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ថា ជាការបង្កហេតុដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ» ដោយបន្ថែមថា «ខ្លួនបានចែករំលែកព័ត៌មាននេះជាមួយអាជ្ញាធរអាមេរិក និងជប៉ុនផងដែរ»។

សូមជម្រាបថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងក្រោយព្យុងយ៉ាង បានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ថាជា NATO អាស៊ី និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរផងដែរ៕

ប្រភព៖ CNA

Share.