សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរទិវាមច្ឆាជាតិ នៅព្រឹក ថ្ងៃទី ១ខែកក្កដា ឆ្នាំ២០២៤នេះ  បានផ្តល់ អនុសាសន៍ ណែនាំ៥ចំណុច ដល់ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីអភិរក្ស កូនត្រី ពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករ និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិ។

អនុសាសន៍ទាំង៥ចំណុចនោះរួមមាន៖

ទី១. រដ្ឋបាលជលផលត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង, ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និង វារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជ ថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទន្ទឹមនេះ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និងទីជម្រកមច្ឆជាតិ ផ្សេងទៀតដែលគោករីងរាក់ជាពិសេសនៅរដូវប្រាំង ។ ត្រង់ចំណុចនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និង ឧតុនិយម បង្កើនកិច្ចសហការកាន់ត ជិតស្និទ្ធថែមទៀត ដើម្បីការពារ និង សង្គ្រោះជម្រកត្រី ត្រីមេពូជ និង វារីសត្វងាយរងគ្រោះ ។

ទី២. ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និង ជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ ឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ ជាពិសេសតំបន់ជុំវិញ បឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និង ជាកន្លែងស្វែងរកចំណី។ ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ គួរបន្តចូលរួមជំរុញចលនា ដាំព្រៃលិចទឹក និង ព្រៃកោងកាង ឡើងវិញ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និងថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ។

ទី៣. គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវ ពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និង បង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវ បិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និង ស្បៃមុង ជាដើម ។ ទន្ទឹមនេះ គួរបង្កើនការផ្សព្វផ្សាយ ការអប់រំ និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និង ធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។

ទី៤. រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និង តួអង្គពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពសហគមន៍ នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និងត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ទាំងអស់ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និង ព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទ និង កាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតមួយមុខ សម្រាប់ទ្រទ្រង់ជីវភាព។

ទី៥. ជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និង សមុទ្រ ដោយ លើកកម្ពស់ការស្រាវជ្រាវបច្ចេកទេសបង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និង កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និង កាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិផង។ ទន្ទឹមនេះ ត្រូវបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និង ក្រៅប្រទេស ។ ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវ និង លើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍ និងវិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់ បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និង ការកែច្នៃផល ផលិតផលជលផលកម្ពុជា៕

Share.