កណ្តាល ៖ សពស្ត្រីម្នាក់ត្រូវបានប្រទះឃើញអណ្តែតទឹកក្បែរច្រាំងទន្លេបាសាក់ បង្កឱ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សពជនរងគ្រោះមានឈ្មោះ ឱ រតនា ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលរកា ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់អណ្តែតទឹកក្បែរច្រាំងទន្លេបាសាក់ ត្រង់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ គ្រូពេទ្យចុះទៅ ពិនិត្យ ស្រង់ឡើងគោក ធ្វើកោសល្យវិច័យ ឃើញថាស្ត្រីរងគ្រោះស្លាប់ដោយសារលង់ទឹក ។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ÷តាតុងសែនជ័យ

Share.