បន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុមមានគ្នាជាង10នាក់ កាន់កាំបិទដាវ កាំភ្លើងខ្យល់ ចូលកាប់ជនរងគ្រោះដល់ផ្ទះ ត្រូវសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតឃាត់បាន02នាក់ បញ្ជូនទៅកាន់កាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2024 ។ 

ជនសង្ស័យដែលឃាត់ខ្លួន 1. ឈ្មោះ ស្រួច វ៉ិនស៊ីង អាយុ16ឆ្នាំ និង2. ឈ្មោះ ភាព ម៉េងហុង ហៅហុងចយ អាយុ២០ឆ្នាំ ទាំង02នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅយប់ថ្ងៃទី28 ខែមិថុនា ឆ្នាំ 2024 ជនសង្ស័យខាងលើ និងបក្ខពួកបាននាំគ្នីគ្នា ប្រមាណជាង10នាក់ ជិះម៉ូតូ6ទៅ7គ្រឿង បានកាន់កាំបិត ដាវ និងកាំភ្លើងខ្យល់ ចូលដេញកាប់ជនរងគ្រោះជាសន្តិសុខ កំពុងយាមហាងគេមួយកន្លែងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែខ្លួនគេចទៅជាន់ទី2ផុត។ បក្ខពួកជនសង្ស័យខាងលើ ក៏នាំគ្នាកាប់ និងគប់បំផ្លាញទ្រព្យសម្បត្តិ៍ នៅក្នុងហាងដែលជនរងគ្រោះបានយាម និងយកទូរស័ព្ទអស់01គ្រឿងផងដែរ។

  លោកអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន02នាក់ខាងលើ ពេលសួរនាំជនសង្ស័យពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ ពិតប្រកដមែន និងបានតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។ ទាំង02នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្ត ចំណែកបក្ខពួកជនសង្ស័យកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.