ក្រុមបាល់ទះបុរសជប៉ុន នឹង​ត្រូវ​ជួបបារាំង ដើម្បីដណ្ដើមជើងឯក នៃ​ពានរង្វាន់​បាល់ទះ​ផ្នែក​បុរសកម្រិពិភពលោក 2024 FIVB Volleyball Men’s Nations League។

ក្រោយប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជប៉ុន បាន​យក​ឈ្នះស្លូវេនី ខណ:បារាំង យក​ឈ្នះប៉ូឡូញ។ លទ្ធផល​មាន​ដូច​ខាង​ក្រោម៖

  • ប៉ូឡូញ ប៉ះ បារាំង (25–22 22–25 23–25 25–20 16–18)
  • ស្លូវេនី ប៉ះ ជប៉ុន (21–25 25–27 29–31)

ដូច​នេះ​ ក្រុម​ដែល​ឈ្នះ ជប៉ុន និង​បារាំង នឹង​ត្រូវ​ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៣០ ឈានចូលថ្ងៃទី១ កក្កដា ២០២៤នេះ។ ខណ:ការប្រកួត​ដណ្ដើ​ចំណាត់​ថ្នាក់​លេខ៣ រវាង​ស្លូវេនី និងប៉ូឡូញ។ កម្មវិធីប្រកួត​រួម​មាន៖

  • ដណ្ដើមលេខ៣៖ ស្លូវេនី ប៉ះ ប៉ូឡូញ វេលាម៉ោង ១០:០០យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
  • ដណ្ដើមជើងឯក៖ ជប៉ុន ប៉ះ បារាំង វេលាម៉ោង ១:០០ រំលងអធ្រាត្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤

ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣០ មិថុនា ២០២៤ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើឡើង​នៅប្រទេសប៉ូឡូញ។

សម្រាប់ចំណាត់ថ្នាក់ក្រុម​លេខ៥ ដល់លេខ១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មាន៖

៥. អ៊ីតាលី
៥. កាណាដា
៧. ប្រេស៊ីល
​៨. អាហ្សង់ទីន
៩. គុយបា
១០. ស៊ែប៊ី
១១. អាល្លឺម៉ង់
១២. សហរដ្ឋអាមេរិក
១៣. ហុល្លង់
១៤. ប៊ុលហ្គារី
១៥. អ៊ីរ៉ង់
១៦. តួកគី

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.