ក្រោយ​សហការ​ជាមួយ​អ្នក​ជំនាញ​មក​ពី​អាល្លឺម៉ង់ ធ្វើ​តេស្ត​បច្ចេកទេស​កីឡាករ កីឡាការិនី​វ័យ​ក្មេង​ទាំង​ហ្វឹកហាត់ និង​ប្រកួត ក្នុង​ព្រឹត្តិការណ៍ Europe Trials កាល​ពី​ពេល​កន្លង​ទៅ នៅ​ទីលាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ ពេល​នេះ​ក្លិប​បាល់ទាត់​ Mate JR Sport Club បាន​បញ្ជូន​សមាជិក​ខ្លួន​ចំនួន​១២​នាក់​ទៅ​ហ្វឹកហាត់​រយៈ​ពេល​១​ខែ​លើ​ទឹកដី​ទ្វីប​អឺរ៉ុប។

ក្រុមយុវជនរបស់ក្លិប Mate JR Sport Club ជាមួយអាណាព្យាបាល

ស្ថាបនិក Mate JR Sport Club ម៉ាក សុទ្ធាពិសិដ្ឋ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​មុន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ជាមួយ​នឹង​កូនក្រុម​ខ្លួន​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៤ ថា៖«សមាជិក​ពួក​យើង​ចំនួន​១២​នាក់ ទទួល​បាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ទីក្រុង Arnstadt ក្នុង​ប្រទេស​អាល្លឺម៉ង់ ជាមួយ​​ក្លិប Academy Arnstadt រយៈ​ពេល​១​ខែ។ តាម​គម្រោង​នៅ​ទីនោះ​យើង​មាន​ផែនការ​ហ្វឹកហាត់ ផង​ ចូលរួម​ប្រកួត​ផង និង​ចូល​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​អាជីព ផង​ដែរ»។

ជាមួយ​គ្នា​នេះ​​ដែរ​ស្ថាបនិក​ក្លិប Mate JR Sport Club រំពឹង​ថា​តាម​រយៈ​ការ​ហ្វឹកហាត់​រយៈ​ពេល​១​ខែ​នេះ​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ និង​បច្ចេកទេស​សមាជិក​​ក្រុម​ទាំង​អស់​​មាន​ការ​កើន​ឡើង និង​មាន​ការ​អភិវឌ្ឍន៍​ខ្លួន​បាន​កាន់​តែ​ប្រសើរ​តាម​រយៈ​ការ​ហ្វឹកហាត់​ជាមួយ​គ្រូ​បង្វឹក​ជំនាញ​នៅ​អឺរ៉ុប ផ្ទាល់​តែ​ម្តង។

ក្រុមយុវជនរបស់ក្លិប Mate JR Sport Club មុនចេញដំណើរ

អ្នក​ស្រី​​ផល្លា អាណាព្យាបាល​របស់​កុមារា ចច រំពឹង​​ថា​កូន​ប្រុស​របស់​ខ្លួន​នឹង​​កាន់​តែ​រឹងមាំ​ទាំង​​ការ​ហ្វឹកហាត់​បាល់ទាត់ និង​ការ​រៀន​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ បើ​ទោះ​បី​ជា​មិន​ដាច់​ចាស់​ពី​ការ​ចាកចេញ​របស់​កូន​ក្ដី។ លោកស្រី​បន្ត​ថា​នេះ​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​តែ​ម្នាក់​ឯង​របស់​កូន​ប្រុស ប៉ុន្តែ​​គេ​មាន​មិត្តរួម​ក្រុម​របស់​គេ មាន​ក្រុម​ការងារ​គ្រូ​ជួយ​មើល​ការ​ខុស​ត្រូវ​ផង​ដែរ។ អ្នក​ស្រី​បាន​សង្កេត​មើល​ក្លិប​បាល់ទាត់​ជា​ច្រើន ដើម្បី​ដាក់​ឱ្យ​កូន​ចូល​ហ្វឹកហាត់ ប៉ុន្តែ​ពេល​ដាក់​ចូល​ហ្វឹកហាត់​នៅ​ក្លិប Mate JR Sport Club ឃើញ​ថា​ល្អ​មែន ព្រម​ទាំង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ទៀត។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍ Europe Trials ដែល​រៀបចំ​ឡើង​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ កន្លង​ទៅ មាន​លោក​ Joel Arron​ អ្នក​ជំនាញ​មក​ពី​ប្រទេស​អាល្លឺម៉ង់ សហការ​ជាមួយ​គ្រូ​បង្វឹក​ទាំង​ខ្មែរ​និង​បរទេស​បាន​ធ្វើ​តេស្ដ​កីឡាករ កីឡាការិនីវ័យក្មេងៗចន្លោះអាយុពី១០ដល់១៩ឆ្នាំជិត៣០០នាក់ រហូត​ចំរាញ់​បាន​១២​នាក់​តំណាង​ឱ្យ​កម្ពុជា នៅ​ពេល​នេះ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អាល្លឺម៉ង់ ជាមួយ​​កីឡាករ​មក​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក៕

Share.