ភ្នំពេញ ៖ មនុស្ស៣នាក់ ស្រី១នាក់ រងរបួសធ្ងន់ បាក់ជើង ធ្លាយពោះ បែកក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចសុីស បើកបោះពួយលឿនជ្រុលបុករះរុឺម៉កម៉ូតូលក់អំពៅសាង ក្រឡាប់ផ្ងារជើង ហើយបន្តទៅបុកម៉ូតូឃ្លីក ក្នុងដំណើរច្រាសទិស ប៉ើងរប៉ាត់រប៉ាយពេញផ្លូវ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងម៉ូតូឃ្លីក មាន២នាក់ ឈ្មោះ ទេស សុីផាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិច្រនាងចាស់ ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសបាក់ជើងឆ្វេង ចំណែកប្រពន្ធឈ្មោះ ពេជ្រ ស្រីដែន អាយុ១៩ឆ្នាំ រងរបួសបែកក្បាល ។ ចំណែកជនរងគ្រោះខាងរុឺម៉កម៉ូតូ ឈ្មោះ ឈុំ សុីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្លាយពោះ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តឡិចសុីស មិនចាំស្លាកលេខ បើកល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងជ្រុលទៅបុករុឺម៉កម៉ូតូលក់អំពៅសាង បើកច្រាសទិស បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងរបួសធ្លាយពោះ ហើយបន្តទៅបុកម៉ូតូឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JL-5509 ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់សរុប៣នាក់ រថយន្តបង្កបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយបន្សល់ទុកទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ ត្រយងតូច

Share.