ភ្នំពេញ ៖ មនុស្ស៣នាក់ នារី២នាក់ និងភេទទី២ម្នាក់ រងរបួសធ្ងន់ មាន២នាក់សន្លប់បាត់ស្មារតី បន្ទាប់ពីជិះម៉ូតូហុងដាBeat ឌុបគ្នាលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកផ្ទប់ជាមួយរថយន្តហាយឡែនឌ័រ កំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខវិទ្យល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KU-4450 ជិះគ្នា៣នាក់ ស្រី២នាក់ ភេទទី៣ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបើកជាមួយរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8341 បើកឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឱ្យនារី៣នាក់រងរបួសធ្ងន់ ក្នុងនោះមាន២នាក់សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះសន្លប់ឈឹង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកម្នាក់ទៀត ភេទទី៣ (ធ្វើជាស្រី ) ឈ្មោះ ដួង ឧត្តម អាយុ១៧ឆ្នាំ មានទីលំនៅភូមិឈើវែង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯមធ្យោបាយ រថយន្តនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ ត្រយងតូច

Share.