ភ្នំពេញ: ស្រ្តីអ្នកលក់ឥវ៉ាន់ចាប់ហួយម្នាក់ ត្រូវបានស្រ្តីជាជនសង្ស័យជិះម៉ូតូចូលកាម៉ង់ទិញឥវ៉ាន់ខ្ចប់នេះខ្ចប់នោះត្រេកអរបានគេទិញច្រើន ខ្វះប្រុងប្រយ័ត្ន ជនសង្ស័យសុំដូរលុយបោកយកទៅបាត់អស់800 ដុល្លារ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ធៀប សន អាយុ២៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុមានស្ត្រីជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាក់រប៊ីត មិនចាំផ្លាកលេខមកឈប់ខាងមុខតូបលក់ដូររបស់គាត់ រួចស្ត្រីសង្ស័យបានចូលទៅកាម៉ង់ទិញកូកា និងចង្អុលយកឥវ៉ាន់នេះឥវ៉ាន់នោះផ្សេងៗជាច្រើន ឱ្យគាត់អ្នកលក់ដូរវិចខ្ចប់រៀបអីវ៉ាន់ឱ្យហើយ ក៏ប្រាប់ថាដោយមានការប្រញាប់ចាំជួយយកឱ្យផង ហើយបន្លំទះស្មារអ្នកលក់ដឹកដៃទៅចង្អុលប្រាប់ផ្ទះជិតនេះ ដើម្បីបន្លប់ស្មារតីអ្នកលក់ដូរ រួចធ្វើសុំដូរលុយដោយឱ្យជនរងគ្រោះយកលុយក្រៅ (លុយសុទ្ធ) ឱ្យជនសង្ស័យចាំជនសង្ស័យបាញ់លុយតាមកុងឱ្យវិញ ពេលនោះជនរងគ្រោះមានស្មារតីវិលវល់ក៏ទៅយកលុយមកប្រគល់ជនសង្ស័យចំនួន 800 ដុល្លាររួចរាល់ហើយ ជនសង្ស័យធ្វើប្រញាប់ប្រញាល់ៗឡើងជិះម៉ូតូចេញទៅបាត់ស្រមោល។

មួយសន្ទុះក្រោយមកទើបជនរងគ្រោះភ្ញាក់ខ្លួនដឹងថាចាញ់បោកគេ ក៏ឆោឡោឱ្យគេជួយដេញតាម បង្កការភ្ញាក់ផ្អើលកើតឡើង ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុរួចឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សេង សាវី

Share.