សេអ៊ូល៖ ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិច៩នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងនៅជិតសាលាក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ សប្ដាហ៍​នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។

អ្នកពន្លត់អគ្គីភ័យ Kim Chun-soo បាននិយាយថា មានអ្នកស្លាប់ចំនួន ៦នាក់នៅកន្លែងកើតហេតុ ខណៈមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានគេបញ្ជាក់ថា បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យភ្លាមៗ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកបើកបរអាយុ ៦៨ឆ្នាំម្នាក់ បានបុកមនុស្សដែលកំពុងរង់ចាំស្ដុប ដើម្បីដើរឆ្លងផ្លូវ ហើយអ្នកបើកបរកំពុងបើកក្នុងទិសដៅផ្ទុយគ្នា ដោយបានបុករថយន្ត ២គ្រឿងផ្សេងទៀត មុនពេលបុកអ្នកថ្មើរជើងទាំងអស់នោះ។

លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូននៅការិយាល័យនៅទីក្រុង Jung-gu បាននិយាយថា បុរសម្នាក់នោះត្រូវបានប៉ូលីសឃាត់ខ្លួន ជុំវិញឧប្បត្តិហេតុនេះ ខណៈការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ថា តើអ្នកបើកបរមានជាប់ពាក់ព័ន្ធនឹងសារធាតុគ្រឿងញៀន គ្រឿងស្រវឹង ឬយ៉ាងណា ក៏ដូចជាថា តើឧបទ្ទវហេតុបង្កឱ្យមានអ្នកស្លាប់នេះ បណ្តាលមកពីការបង្កើនលើសល្បឿនដោយចៃដន្យ ឬយ៉ាងណានោះ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសនៅកូរ៉េខាងត្បូង គឺ កម្រកើតមានណាស់ ដែលកន្លងមកប្រទេសនេះមានការណែនាំ ថែទាំផ្លូវ និងត្រួតពិនិត្យយានជំនិះបានត្រឹមត្រូវ៕

ប្រភព៖ CNA

Share.