ស្វាយរៀង ៖ រថយន្តកុងតឺន័រមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងលឿន រេចង្កូតបុករះរថយន្តចំនួន៣គ្រឿង ឈប់ចតចិញ្ចើមផ្លូវ បណ្តាលឱ្យរងខូចខាតដំណំ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្ក ជារថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ TK-125 សណ្តោងរុឺម៉កទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-1376 បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ អ្នកបើកបររងងុយដេក ងោកមួយភាំងរេចង្កូត ទៅបុករថយន្តស្តារិច ពណ៌ស កំពុងចតស្ងៀមចិញ្ចើមផ្លូវ ហើយបន្តទៅបុកពីក្រោយរថយន្ត LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-3696 កំពុងបើកបរស្របទិសគ្នា និងបន្តទៅបុករថយន្ត Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-5335 កំពុងចតចិញ្ចើមផ្លូវ មួយគ្រឿងទៀត រុញបោកផ្ទប់របងផ្ទះ បណ្តាលឱ្យរថយន្តចំនួន៤គ្រឿងទទួលរងខូចខាត ហើយរថយន្តបង្កមិនទាន់អស់ល្បឿន នៅបោលទៅមុខជាង១០០ម៉ែត្រទើបឈប់ស្ងៀម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះខាងលើ បង្កឱ្យរថយន្តសរុបចំនួន៤គ្រឿងរងខូចខាតដំណំ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ រួចយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានក្រុងបាវិត រង់ចាំតំណាងរថយន្តដោះស្រាយគ្នាជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.