ស្ទឹងត្រែង ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែន ដឹកដី បើកលឿនឆ្លងកាត់ផ្លូវលំក្នុងភូមិ ជ្រុលបុកកិនម៉ូតូហុងដាឌ្រីម ខ្ទេចសំប៉ែតដូចចេកចៀន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវលំក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមប្រភពបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយ រថយន្តបែនកង់៦ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS-1692 បើកបរឆ្លងកាត់ផ្លូវលំក្នុងភូមិ ពីលិចទៅកើត លឿនជ្រុលទៅបុកម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសេរីចាស់ យ 5776 ភព1 ជិះដោយស្ត្រីរងគ្រោះ ពីជើងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំ រថយន្តបន្តទៅមុខផុងជាប់ក្នុងដីឡូត៍ អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តនិងបំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្ទឹងត្រែង បន្តស្រាវជ្រាវស្វែងរកម្ចាស់រថយន្តមកដោះស្រាយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.