ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធុនធំ ណៃហត បើកលឿន រេចង្កូតជ្រុលទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យបោកបាក់កស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឈាង ដេវីត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះជិះម៉ូតូម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-0291 ជាមធ្យោបាយ ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលបុកផ្ទប់បង្គោលភ្លើង បោកបាក់កស្លាប់ភ្លាមៗនៅកន្លែង តែទោះជាយ៉ាងណាក្តី ពលរដ្ឋបានទាក់ទងហៅ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោឱ្យជួយ តែក្រុមគ្រូពេទ្យពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ តាតុងសែនជ័យ

Share.