ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ប្រធានាធិបតីចិន ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន នឹងជំរុញទំនាក់ទំនងរបស់ប្រទេសចិន ជាមួយប្រទេសទាំង២ បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។

លោកស្រី Mao បានកត់សម្គាល់ថា កាហ្សាក់ស្ថាន គឺជាប្រទេសជិតខាង ដែលមានមិត្តភាពល្អជាមួយប្រទេសចិន និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកស្រី Mao បានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៣២ឆ្នាំមុន ទំនាក់ទំនងចិន-កាហ្សាក់ស្ថាន បានរីកចម្រើនជាមួយនឹងសន្ទុះដ៏រឹងមាំ និងស្ថិរភាព ហើយកិច្ចសហប្រតិបត្តិការលើវិស័យដូចជាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការវិនិយោគជាដើមក៏មានការរីកចម្រើនផងដែរ។

លោកស្រីបានមានប្រសាសន៍ថា «ប្រទេសរបស់យើងទាំងពីរ បានធ្វើជាគំរូដ៏ល្អនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសជិតខាង»។

កាលពីឆ្នាំមុន លោកប្រធានាធិបតី Xi បានជួបជាមួយប្រធានាធិបតី Kassym-Jomart Tokaev ចំនួន ២ដងនៅទីក្រុង Xi’an និងទីក្រុងប៉េកាំង។ លោកស្រី Mao បានកត់សម្គាល់ថា ប្រធានាធិបតីទាំង២ បានគូរប្លង់មេថ្មីសម្រាប់ទំនាក់ទំនងចិន-កាហ្សាក់ស្ថាន ហើយបានដឹកនាំកិច្ចសហប្រតិបត្តិការចិន-កាហ្សាក់ស្ថានទៅជារកដំណាក់កាលមាសនៃការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាក់ស្ដែងដំណើរទស្សនកិច្ចនេះ​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥ របស់​លោក​ប្រធានាធិបតី Xi ទៅកាន់​ប្រទេស​កាហ្សាក់ស្ថាន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Xi នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី Tokaev និងមានការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅជាមួយលោក លើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងទិដ្ឋភាពក្នុងតំបន់ និងអន្តរជាតិ។

បើតាមលោកស្រី Mao ប្រធានាធិបតី Xi នឹងចូលរួមក្នុងព្រឹត្តិការណ៍រដ្ឋដូចជា ពិធីស្វាគមន៍ ពិធីចុះហត្ថលេខា និងពិធីជប់លៀងស្វាគមន៍ និងព្រឹត្តិការណ៍ភាគីផ្សេងៗទៀត។

លោកស្រីបានបន្ថែមថា «យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi នឹងធ្វើឲ្យប្រសើរឡើងថែមទៀតនូវទំនាក់ទំនងទ្វេភាគី ពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ»។

ទន្ទឹមនោះ លោកស្រី Mao បានកត់សម្គាល់ដែរថា តាជីគីស្ថាន គឺជាអ្នកជិតខាងមិត្តភាពរបស់ប្រទេសចិន និងជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ចិនដូចគ្នា លោកស្រី Mao បានកត់សម្គាល់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី Xi និងប្រធានាធិបតី Emomali Rahmon ទំនាក់ទំនងចិន-តាជីគីស្ថាន បានរក្សានូវសន្ទុះដ៏រឹងមាំ ហើយប្រទេសទាំងពីរបានពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ដោយមានកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយផ្លែផ្កា ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនកាន់តែស៊ីជម្រៅ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

លោកស្រី បានបន្ដថា កាលពីខែឧសភា ឆ្នាំមុន ប្រធានាធិបតីទាំង២ បានប្រកាសពីការកសាងសហគមន៍ចិន-តាហ្ស៊ីគីស្ថាន ជាមួយនឹងអនាគតរួមគ្នា ដែលបង្ហាញពីមិត្តភាពជារៀងរហូត មានសាមគ្គីភាព និងផលប្រយោជន៍ទៅវិញទៅមក។

នេះ​នឹង​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទី​២ ​របស់​លោក​ប្រធានាធិបតី Xi ទៅកាន់​ប្រទេស​តាជីគីស្ថាន​បន្ទាប់​ពី​រយៈពេល​ ៥​ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Xi នឹងជួបពិភាក្សាជាមួយប្រធានាធិបតី Rahmon ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយលោកលើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងទិដ្ឋភាពក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងរៀបចំផែនការថ្មីសម្រាប់ការរីកចម្រើននៃប្រទេសចិន-តាហ្ស៊ីគីស្ថាន។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតី Xi នឹងចូលរួមកិច្ចប្រជុំលើកទី 24 នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Astana ហើយនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន និងតាជីគីស្ថាន ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ៕

ប្រភព​៖ Xinhua

Share.