កីឡាការិនី Sarina Koga សមាជិក​បាល់ទះ​ជម្រើស​ជាតិ​នារី​ជប៉ុន ត្រូវជាភរិយារបស់កីឡាករ Yuji Nishida សមាជិកក្រុមបាល់ទះជម្រើសជាតិបុរសជប៉ុន បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាការិនីបាល់ទះ ក្រោយព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

កីឡាការិនី Sarina Koga ចូលជាសមាជិក​បាល់ទះ​ជម្រើស​ជាតិ​នារី​ជប៉ុន តាំងពីឆ្នាំ ២០១៣ ដោយមានកម្ពស់១.៨០ម៉ែត្រ កើតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៦ និងវ័យ២៧ឆ្នាំ បច្ចុប្បន្នលេងនៅក្រុម NEC Red Rockets លីគបាល់ទះកំពូលរបស់ជប៉ុន V.League Division 1។

ធ្លាប់បានឈ្នះមេដាយមាស ក្នុងការប្រកួត «2017 Asian Women’s Volleyball Championship» ក្នុងប្រទេសហ្វីលីពីន និងមេដាយសំរិទ្ធ «2013 FIVB Volleyball Women’s U23 World Championship» ក្នុងប្រទេសម៉ិកស៊ិក។

ចំណែកឯនៅក្នុងពានរង្វាន់បាល់ទះកម្រិតពិភពលោក 2024 FIVB Women’s Volleyball Nations League កីឡាការិនី Sarina Koga បានជួយឲ្យក្រុមបាល់ទះជម្រើសជាតិនារីជប៉ុន ទទួលបានជើងឯករង ក្រោយចាញ់អ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (17–25, 17–25, 25–21, 20–25) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

គួរដឹងថាសមាជិក​ក្រុមបាល់ទះជម្រេីសជាតិបុរស​ជប៉ុន Yuji Nishida បានរៀប​អាពាហ៍ពិពាហ៍​ជាមួយនាង​ Sarina Koga សមាជិក​បាល់ទះ​ជម្រើស​ជាតិ​នារី​ជប៉ុន​ កាលពីថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕

Share.