បន្ទាប់ពីបានរួមចំណែកជាមួយ​វិស័យ​បាល់​ទាត់កម្ពុជា អស់​រយពេល​ជា​ច្រើន​ឆ្នាំ​រួច​មក​ពេល​នេះ​កីឡាករ​បរទេស ៣រូប​បាន​ទទួល​សញ្ជាត់​ខ្មែរជាផ្លូវ​ការ​ គឺ​ទី១ កីឡាករ Yudai Ogawa មាន​ដើម​កំណើត​ជប៉ុន ទី២ កីឡាករ Privat Mbarga មាន​ដើមកំណើតកាមេរូន និងកីឡាករ Hikaru Mizuno ​ដើម​កំណើត​ជប៉ុន។

កាលពីយប់ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាស​ពី​កីឡាករ​ជន​ជាតិជប៉ុន Hikaru Mizuno ទទួលបានសញ្ជាតិខ្មែរ និងជាកីឡាករទី៣ ត្រៀមជួយជម្រើសជាតិ​កម្ពុជា ប្រកួតពានរង្វាន់នានាខាងមុន។

កីឡាករ Hikaru Mizuno បច្ចុប្បនេះមានវ័យ៣២ ឆ្នាំ ចូលរួមក្នុងវិស័យបាល់ទាត់​នៅកម្ពុជាដំបូង​នៅឆ្នាំ​២០១៦ កាលនោះរួមគេចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

មុនចូលរួមប្រកបអាជីបនៅលីគកំពូលកម្ពុជា កីឡាករដែលមានវ័យ៣២ឆ្នាំរូបនេះធ្លាប់ចូលរួមជាមួយក្លិប​បាល់​ទាត់ FC Ryukyu លីគទី៣របស់ប្រទេសជប៉ុន ចន្លោះឆ្នាំ២០១៤ ក្រោយមកនៅឆ្នាំ២០១៥ រូបគេបានទៅ​ប្រកបអាជីបជាមួយក្លិបបាល់ទាត់ Albirex Niigata Singapore លីគកំពូលរបស់សិង្ហបុរី បង្ហាញខ្លួនបាន ២៧​ប្រកួត រកបាន២គ្រាប់ក្នុងនាមជាកីឡាករខ្សែបម្រើប្រយុទ្ធ។

នៅឆ្នាំ២០១៦ កីឡាករ Hikaru Mizuno បានផ្ទេមកចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង បង្ហាញ​ខ្លួន​បាន​៤៥ប្រកួត រកបាន៦គ្រាប់។ នៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានចូលរួមជាមួយបឹងកេត ឆ្នាំ២០២២ ទៅស្វាយរៀងវិញ ហើយឆ្នាំ២០២៣-២៤ ត្រូវបានក្លិបគិរីវង់សុខសែនជ័យ ខ្ចីជើង១​រដូវកាល បង្ហាញ​ខ្លួន១៥ប្រកួតរកបាន១គ្រាប់។

សូមរំលឹកថា ក្រៅពីកីឡាករ Hikaru Mizuno ក៏មានកីឡាករចូលសញ្ជាតិ២រូបទៀត ក្នុងនោះរួមមាន កីឡាករ Yudai Ogawa ជនជាតិជប៉ុន សញ្ជាតិខ្មែរ និង Privat Mbarga ជនជាតិកាមេរូន សញ្ជាតិខ្មែរដែលអ្នកទាំងពីររូបនេះត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ប្រ​កាស​ជា​ផ្លូវការកាលពីពេលកន្លងទៅ។

សម្រាប់កីឡាករ Yudai Ogawa ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសចូលសញ្ជាតិជាផ្លូវការ នៅថ្ងៃទី៦​ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បង្ហាញខ្លួនបាន៧ប្រកួតរកបាន១គ្រាប់ ឱ្យក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ខណៈកីឡាករ Privat Mbarga ត្រូវបាន​ប្រកាសជាផ្លូវការនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែរូបគេមិនទាន់បានបង្ហាញខ្លួនឱ្យ​ក្រុម​ជម្រើសជាតិកម្ពុជា នៅឡើយទេ៕

Share.