ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League បាន​​ធ្វើ​ដំណើរ​បោះ​ជំរំ​ហ្វឹកហាត់ និង​ប្រកួត Pre-Season នៅ​ប្រទេសថៃ ចាប់ពីថ្ងៃទី១១-២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បី​ត្រៀម​​ប្រកួត​រដូវកាល​ថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ ព្រម​ទាំង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ​ទីនោះ​ថែម​ទៀត​ផង។

បើ​យោង​តាម​ការ​ចេញ​ផ្សាយ​នៅ​ក្នុង App របស់​ក្លិប​បាល់ទាត់​វិសាខា បាន​បញ្ជាក់​ថា៖«ក្នុងនាមក្រុមក្មេងខ្ចី ដែលបានកសាងនូវសមិទ្ធផលជាច្រើន សម្រាប់ការប្រកួតប្រជែងក្នុងប្រទេស និងលើឆាកអន្ដរជាតិ ក្រោមទស្សនៈវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់របស់ថ្នាក់ដឹកនាំក្លិប ដែលមានលោកជំទាវ កែ សួនសុភី ជាប្រធានក្លិប ដំណើរ Pre-Season នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីថៃ និងបានចាត់ទុក វិសាខា គឺជាក្លិបលំដាប់កំពូលមួយនៅកម្ពុជាទៀតផង»។

តាម​គម្រោង​ក្នុងដំណើរ Pre-Season ត្រៀមរដូវកាលថ្មីនេះដែរ វិសាខា មានការប្រកួតហ្វឹកហាត់មួយចំនួន ជាក់​ស្ដែង​ការ​ប្រកួតដំបូង ជាមួយក្រុម Pattaya United FC កាលពីថ្ងៃទី១៣ ខែកក្កដា វិសាខា បានទទួលជ័យជម្នះ ២-១ ។ ចំណែក​នៅ​សល់ ៤ប្រកួតទៀត រួមមានថ្ងៃទី១៦-កក្កដា ត្រូវជួបក្រុម Samut Prakan City FC, ថ្ងៃទី១៧-កក្កដា ត្រូវជួបក្រុមខ្លាំងថៃ BG Pathum United និងថ្ងៃទី២០-កក្កដា មានការប្រកួតហ្វឹកហាត់ ២ប្រកួត រួមមានជួបក្រុម BFB Pattaya City FC ពេលព្រឹក និងជួយក្រុម Chanthaburi FC នាល្ងាច ។

ក្លិប​បាន​បញ្ជាក់​ទៀត​ថា៖«ទាំងអស់នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្លិប ពិសេសលោកជំទាវប្រធានក្លិប ចំពោះក្រុមការងារគ្រូ និងកីឡាករ ដើម្បីត្រៀមខ្លួនបានកាន់តែប្រសើរ សម្រាប់ការប្រកួតរដូវកាលថ្មី តាមរយៈការបោះជំរំហ្វឹកហាត់ក្រៅប្រទេស ក៏​ដូចជា​ការ​ប្រកួត​លក្ខណៈ​កម្ដៅ​សាច់ដុំ ឬប្រកួត​ហ្វឹកហាត់ ជាមួយក្រុមបរទេសនាពេលនេះ ។ ពួកយើងសង្ឃឹមថា ផ្អែក​លើ​ការ​យក​ចិត្ត​ទុក​ដាក់​នេះ ក្រុមទាំងមូល នឹងព្យាយាមសម្រេចបាននូវសមិទ្ធផលមួយដ៏ល្អប្រសើរជូនក្លិប អ្នកគាំទ្រ ពិសេស​ជូន​ថ្នាក់​ដឹកនាំក្លិបរបស់យើង នារដូវកាលថ្មីខាងមុខ»។

ក្លិបកីឡាបាល់ទាត់ វិសាខា គឺជាក្លិបដំបូងគេ និងជាក្លិបបាល់ទាត់តែមួយគត់នៅប្រទេសកម្ពុជា ដែល​បាន​គ្រង​ជើង​ឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣រដូវកាល​ជាប់​គ្នា គឺ​នៅ​ឆ្នាំ២០២០, ២០២១ និង​២០២២។

បច្ចុប្បន្ន​វិសាខា ក៏ជាក្លិបលេចធ្លោរមួយ ដែលមានហេដ្ឋានរចនាសម្ព័ន្ធដ៏សម្បូរបែប ទំនើប និងស្ដង់ដារ សម្រាប់បម្រើឲ្យការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ និងបម្រើឲ្យការប្រកួត ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិទៀតផង ពិសេសកីឡដ្ឋានព្រីនស៍ ដែលទើបទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ផ្នែកបាល់ទាត់បុរស កាលពីឆ្នាំ២០២៣ កន្លងទៅជាដើម៕

Share.