អតីតកីឡាករជម្រើសជាតិ និងគ្រូបង្វឹកជម្រើសជាតិប្រទេសកូរ៉េខាងត្បូង លោក Huh Jung Moo បានធ្វើដំណើរមកកាន់ទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះដែលបានមកចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ របស់លោកដល់កីឡាករ បុគ្គលិក និងគ្រូបង្វឹកក្លឹបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ។

លោក Huh Jung Moo គឺជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ដោយលោកជាកីឡាករអាស៊ីដំបូងគេដែលបានលេងនៅអឺរ៉ុប និងនៅ PSV Eindhoven ហើយគាត់ថែមទាំងបានប្រកួតជាមួយកីឡាករល្បីៗដូចជា Maradona និង Johan Cruyff ។
លើសបីនេះលោក គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅ FIFA World Cup ឆ្នាំ 2010 (រៀបចំនៅអាហ្រ្វិកខាងត្បូង) និងបានគ្រប់គ្រង ដឹកនាំកីឡាករល្បីៗដូចជា Park Ji Sung និង Lee Young Pyo ជាដើម។ លោកHuh Jung Moo ធ្លាប់ជាអនុប្រធាននៃ K-League នៅប្រទេសកូរ៉េ លោកមានឥទ្ធិពលខ្លាំង ចំពោះបាល់ទាត់នៅកូរ៉េខាងត្បូង។

រំលឹកថា ក្នុងដំណើរអភិវឌ្ឍវិស័យបាល់ទាត់ឥតឈប់ឈររបស់ក្លិបបាល់ទាត់ឡាយហ្វ (Life Football Club) បានក្លាយជាក្លិបបាល់ទាត់អាជីពដំបូងគេបង្អស់ប្រចាំខេត្តព្រះសីហនុ ចូលរួមប្រកួតជាផ្លូវនៅក្នុងក្របខណ្ឌលីគលំដាប់ទី២ បានឈ្នះជើងឯកពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 រដូវកាល២០២៣-២៤ ក្រោយយកឈ្នះលើគូប្រជែងក្លិបបាល់ទាត់ក្រសួងមហាផ្ទៃ ព្រមទាំងកក់កៅអីឡើងទៅលេងលីគកំពូលកម្ពុជា ថែមទៀតផង។
សូមបញ្ជាក់ផងដែរថា ទីតាំងថ្មីក្លឹបបាល់ទាត់ Life Football Club ខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសកលវិទ្យាល័យ Life(ឡាហ្វ)ភូមិ២សង្កាត់លេខ២ក្រុងព្រះសីហនុ អាចផ្ទុកអ្នកទស្សនាជិត៣០០០នាក់។ ក្នុងនាមជាម្ចាស់ជើងឯកនៅលីគទី២ ក្លឹបបាល់ទាត់ឡាយហ្វ បានក្លាយជាក្លិបបាល់ ចូលរួមប្រកួតជាផ្លូវនៅក្នុងក្របខណ្ឌលីគកំពូលនារដូវកាលឆ្នាំ២០២៤/២០២៥ ៕



