ក្រោយរយៈពេលជាងបួនឆ្នាំនៃសង្គ្រាមដ៏រ៉ាំរ៉ៃ រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តធ្វើសង្គ្រាមព័ត៌មានស្របជាមួយសង្គ្រាមនៅលើដី។ នៅពេលថ្មីៗនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍ផ្ទុយគ្នាទាំងស្រុងអំពីស្ថានភាពនៅសមរភូមិជួរមុខ។ នៅពេលដែលក្រុងមូស្គូអះអាងថា កងទ័ពរបស់ខ្លួនកំពុងរុលទៅមុខដោយជោគជ័យ ក្រុងកៀវវិញប្រកាសថា ខ្លួនបានរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយនៅទីតាំងមួយចំនួន។

ការវាយលុកតបតវិញថ្មីៗនេះរបស់អ៊ុយក្រែន ហាក់បង្ហាញពីសន្ទុះមួយដែលគួរឱ្យកត់សម្គាល់។ យោងតាមការឱ្យដំណឹងរបស់ឧត្តមសេនីយ៍ទោ Oleksandr Komarenko (អូឡិចសាន់ឌឺ កូម៉ារិនកូ) កងកម្លាំងអ៊ុយក្រែនអាចដណ្តើមយកមកវិញស្ទើរតែទាំងស្រុងនូវទឹកដីក្នុងតំបន់ឧស្សាហកម្ម Dnipropetrovsk (ឌីនីប្រូប៉េត្រូវស៍) ភាគអាគ្នេយ៍ ដោយបណ្តេញកងទ័ពរុស្ស៊ីចេញពីផ្ទៃដីជាង ៤០០ គីឡូម៉ែត្រការ៉េ។ សារៈសំខាន់នៃសមិទ្ធផលនេះ វាមិនមែនគ្រាន់តែជាជោគជ័យផ្នែកយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងក្នុងពេលដែលអ៊ុយក្រែនកំពុងប្រឈមនឹងកង្វះខាតទាហាន និងសម្ភារៈបរិក្ខារ។

ការវាយតម្លៃពីក្រុមអ្នកជំនាញឯករាជ្យ ដូចជាវិទ្យាស្ថានសិក្សាសង្គ្រាម (ISW) ក៏បានផ្តល់ក្តីសង្ឃឹមដល់អ៊ុយក្រែនដែរ។ របាយការណ៍របស់ ISW បានបង្ហាញថា ការវាយបករបស់អ៊ុយក្រែនកំពុងបង្កើតផលប៉ះពាល់ផ្នែកយុទ្ធសាស្ត្រ ប្រតិបត្តិការ និងយុទ្ធវិធី ដែលអាចរំខានដល់ផែនការវាយលុកនិទាឃរដូវ-រដូវក្តៅ ឆ្នាំ២០២៦ របស់រុស្ស៊ី។ នេះជាសញ្ញាបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពលំបាក អ៊ុយក្រែននៅតែអាចទប់ទល់ និងធ្វើឱ្យរុស្ស៊ីខកខានផែនការយោធាបាន។

ផ្ទុយទៅវិញ ភាគីរុស្ស៊ីបានលើកឡើងពីការរីកចម្រើនរបស់ខ្លួន ដោយលោក Yuri Ushakov (យូរី អ៊ូសាកូវ) ជំនួយការវិមានក្រឹមឡាំង បានថ្លែងថា លោកពូទីនបានប្រាប់លោកត្រាំថា កងទ័ពរុស្ស៊ីកំពុងរុលទៅមុខដោយជោគជ័យ ហើយថា វឌ្ឍនភាពនេះគួរតែលើកទឹកចិត្តឱ្យទីក្រុងកៀវ ងាកទៅរកការចរចាដើម្បីដោះស្រាយជម្លោះ។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជាការប៉ុនប៉ងដាក់សម្ពាធផ្នែកការទូត ខណៈដែលរុស្ស៊ីនៅតែបន្តបាញ់ផ្លោងទៅលើទីក្រុងនានារបស់អ៊ុយក្រែនស្ទើរតែរាល់ថ្ងៃ។

ភាពស្មុគស្មាញថ្មីមួយទៀត គឺការផ្លាស់ប្តូរឆាកនយោបាយអន្តរជាតិ ដោយសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលកំពុងផ្ទុះឡើង បានទាញចំណាប់អារម្មណ៍របស់សហគមន៍ពិភពលោក ជាពិសេសសហរដ្ឋអាមេរិក ចេញពីសង្គ្រាមនៅអ៊ុយក្រែន។ កិច្ចចរចាដែលសម្របសម្រួលដោយអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ដោយសារតែការយកចិត្តទុកដាក់របស់ត្រាំទៅលើសង្គ្រាមថ្មីនេះ។

សម្រាប់ក្រុងមូស្គូ សង្គ្រាមនៅមជ្ឈិមបូព៌ានេះ គឺជាឱកាសមាស ដែលវាអាចជួយឱ្យរុស្ស៊ីទទួលបានចំណូលបន្ថែមពីការកើនឡើងថ្លៃប្រេង បង្វែរការចាប់អារម្មណ៍ពិភពលោក បន្ថយស្តុកអាវុធរបស់លោកខាងលិច និងបង្ខំឱ្យអាមេរិក និងអង្គការណាតូកាត់បន្ថយជំនួយយោធាដល់កៀវ ប៉ុន្តែ អ៊ុយក្រែនក៏មិននៅស្ងៀមដែរ។

លោក ហ្សេឡេនស្គី កំពុងប្រើប្រាស់ឧបករណ៍យុទ្ធសាស្ត្រថ្មីមួយ គឺបច្ចេកវិទ្យា Drone ដែលត្រូវបានសាកល្បងយ៉ាងមានប្រសិទ្ធភាពក្នុងសមរភូមិ។ តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យា Drone ដ៏ទំនើបនេះទៅឱ្យសហរដ្ឋអាមេរិក និងដៃគូឈូងសមុទ្រសម្រាប់សង្គ្រាមនៅមជ្ឈិមបូព៌ា អ៊ុយក្រែនសង្ឃឹមថានឹងទទួលបានឥទ្ធិពលការទូតកាន់តែខ្លាំងប្រឆាំងនឹងរុស្ស៊ី៕

Share.