អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបាតុភូត ភ្លៀងខ្មៅ និងការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់។ បាតុភូតមិនធម្មតានេះ គឺជាផលវិបាកផ្ទាល់ពីការវាយប្រហារថ្មីៗនេះទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដែលបានបញ្ចេញសារធាតុគីមីពុលយ៉ាងច្រើនចូលទៅក្នុងបរិយាកាស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នាពេលថ្មីៗនេះ។

តំបន់មួយចំនួននៃប្រទេសអ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ កំពុងប្រឈមមុខនឹងវិបត្តិបរិស្ថានដ៏គ្រោះថ្នាក់ខ្លាំងមួយ។ ផ្សែងខ្មៅក្រាស់បានគ្របដណ្តប់លើទីក្រុង បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង ដែលជាផ្នែកមួយនៃយុទ្ធនាការវាយប្រហារដែលកំពុងកើនឡើង ដោយមានការជាប់ពាក់ព័ន្ធពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការវាយប្រហារទាំងនេះ មិនត្រឹមតែធ្វើឱ្យខូចខាតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវគ្រោះមហន្តរាយបរិស្ថានដែលកំពុងគំរាមកំហែងដល់អាយុជីវិតប្រជាជនរាប់លាននាក់ទៀតផង។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោក Christian Lindmeier បានព្រមានថា ភ្លៀងខ្មៅ និងភ្លៀងអាស៊ីតដែលកើតឡើងជាមួយគ្នានេះ គឺជាគ្រោះថ្នាក់ពិតប្រាកដសម្រាប់ប្រជាជន ដោយប៉ះពាល់ជាចម្បងទៅលើប្រព័ន្ធផ្លូវដង្ហើម។ អគ្គីភ័យនៅតាមរោងចក្រចម្រាញ់ប្រេង និងកន្លែងស្តុកប្រេងដែលត្រូវបានបំផ្លាញ បានបញ្ចេញសារធាតុគីមីពុលយ៉ាងច្រើនសម្បើមទៅក្នុងបរិយាកាស រួមមានអ៊ីដ្រូកាបូន អុកស៊ីដស្ពាន់ធ័រ និងសមាសធាតុអាសូត ដែលជាសារធាតុគីមីដែលគេស្គាល់ថាអាចបំផ្លាញគុណភាពខ្យល់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
តើភ្លៀងខ្មៅកើតឡើងដោយរបៀបណា? ក្រុមអ្នកវិទ្យាសាស្ត្រពន្យល់ថា បាតុភូតនេះកើតឡើងនៅពេលដែលទឹកភ្លៀងបានលាយឡំជាមួយនឹងក្លិនផ្សែង និងភាគល្អិតពុលផ្សេងៗដែលសាយភាយចេញពីអគ្គីភ័យរោងចក្រចម្រាញ់ប្រេង។ លោក Akshay Deoras អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសកលវិទ្យាល័យ Reading បានពន្យល់ថា ប្រព័ន្ធអាកាសធាតុមួយដែលកំពុងឆ្លងកាត់តំបន់នោះ បានបណ្តាលឱ្យទឹកភ្លៀងលាយឡំជាមួយខ្យល់ដែលបំពុល។ លោកបានចាត់ទុកថា ភ្លៀងខ្មៅនេះ បានធ្វើឱ្យប្រជាជនបើកភ្នែកឃើញពីកម្រិតនៃការបំពុលដ៏គួរឱ្យព្រួយបារម្ភ តាមរយៈតំណក់ទឹកខ្មៅ និងកំទេចកំទីដែលអាចមើលឃើញដោយភ្នែកទទេ។
ផលប៉ះពាល់ដល់សុខភាពសាធារណៈគឺធ្ងន់ធ្ងរបំផុត តាមរយៈការប៉ះពាល់នឹងផ្សែងពុល ឬភាគល្អិតដែលបំពុលទាំងនេះ អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើន ចាប់ពីការឈឺក្បាល រលាកស្បែក មិនស្រួលភ្នែក និងពិបាកដកដង្ហើម។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺការប៉ះពាល់រយៈពេលយូរទៅនឹងសារធាតុបំពុលមួយចំនួន អាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។
យ៉ាងណាមិញ វិបត្តិ “ភ្លៀងខ្មៅ” នៅអ៊ីរ៉ង់នេះ គឺជាការរំលឹកដ៏ឈឺចាប់មួយអំពីផលប៉ះពាល់ដ៏សាហាវឃោរឃៅនៃជម្លោះប្រដាប់អាវុធ ដែលមិនត្រឹមតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតមនុស្សភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្សល់ទុកនូវស្លាកស្នាមបរិស្ថានដ៏យូរអង្វែង ដែលកំពុងបំពុលខ្យល់ដង្ហើម និងគំរាមកំហែងដល់សុខភាពសាធារណៈជារៀងរាល់ថ្ងៃ។ ក្នុងស្ថានភាពនេះ ការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ និងការផ្តល់ជំនួយផ្នែកបរិស្ថាន និងសុខាភិបាលគឺចាំបាច់ជាបន្ទាន់ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាជនអ៊ីរ៉ង់ ដែលកំពុងរងគ្រោះពីវិបត្តិដ៏ស្មុគស្មាញនេះផងដែរ៕

