បន្ទាប់ពីក្រុមបាល់ទះបុរសជម្រើសជាតិជប៉ុន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics នៅទីក្រុងប៉ារីស នៅប្រទេសបារាំង ក្រោមថ្វីដៃអ៊ីតាលី ក្នុងលទ្ធផល ៣សិតទល់នឹង២ (២៥–២០, ២៥–២៣, ២៥–២៧, ២៤–២៦, ១៥–១៧) កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។

ស្រាប់តែសមាជិកសំខាន់៣រូប របស់ក្រុមបាល់ទះបុរសជម្រើសជាតិជប៉ុនប្រកាសដំណឹងអាក្រក់ជូនអ្នកគាំទ្ររួមមានដូចជា៖
- កីឡាករ Kentaro Takahashi វ័យ២៩ឆ្នាំ តួនាទី Middle blocker ប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិជប៉ុន ក្រោយបង្ហាញខ្លួននៅឈុតធំតាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០២៤។

- កីឡាករ Yuji Nishida វ័យ២៤ឆ្នាំ តួនាទី Opposite spiker ប្រកាសសម្រាកពីក្រុមបាល់ទះជម្រើសជាតិជប៉ុន មួយរយ:សិន
Yuji Nishida បានថ្លែងថា៖« អរគុណអ្នករាល់គ្នាសម្រាប់ការគាំទ្រទាំងអស់របស់អ្នក ខ្ញុំមានអារម្មណ៍ខកចិត្តដែលខ្ញុំមិនអាចសម្រេចគោលដៅរបស់ខ្ញុំក្នុងនាមជាក្រុម។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលអាចប្រកួតតំណាងជាតិ ប៉ុន្តែរយ:ពេល៨ឆ្នាំនេះតែងតែជួបរឿងខកចិត្ត និងសោកស្តាយជាច្រើន យ៉ាងណាមិញខ្ញុំនឹងត្រលប់មកវិញជាមួយភាពខ្លាំងជាងមុន»។

- លោក Philippe Blain ជនជាតិបារាំង វ័យ៦៤ឆ្នាំ ប្រកាសចុះចេញពីតំណែងគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិជប៉ុន ក្រោយចូលរួមតាំងពីឆ្នាំ ២០១៧ ក្នុងនាមជាគ្រូជំនួយ និងឆ្នាំ ២០២១ ជាគ្រូបង្វឹកពេញសិទ្ធិ។

គួរដឹងថាក្នុងឆ្នាំ ២០២៤ ក្រុមបាល់ទះបុរសជម្រើសជាតិជប៉ុន បានធ្វើព្យុះភ្លៀងយ៉ាងខ្លាំង នៅក្នុងពានរង្វាន់បាល់ទះកម្រិតពិភពលោក FIVB Volleyball Men’s Nations League 2024 ដោយទទួលជើងឯករង ក្រោយចាញ់បារាំង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (២៣–២៥, ២៥–១៨, ២៣–២៥, ២៣–២៥) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤៕
