​ក្លិប Jakarta Bhayangkara Presisi ម្ចាស់​ជើង​ឯក​លីគ​កំពូល​របស់​ឥណ្ឌូណេស៊ី និង​ជា​ម្ចាស់​ជើង​ឯក​រង​ជើង​ឯក​ទ្វីប​អាស៊ី ឆ្នាំ​ចាស់ គឺ​ជាបេក្ខភាព​តែ​​គត់​ទៅ​ពី​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ប្រជែង​ជើង​ឯក​ប្រចាំ​ទ្វីប​ Asian Men’s Club Volleyball Championship ឆ្នាំ​២០២៤ នេះ​នៅ​ទីក្រុង Yazd របស់​អ៊ីរ៉ង់។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​អ៊ីរ៉ង់ ដែល​ជា​ម្ចាស់​ផ្ទះ​បាន​​បញ្ជាក់​ថា​ការ​ប្រកួត​​ជើង​ឯក​ក្លិប​​ប្រចាំ​ទ្វីប​អាស៊ី នេះ​នៅ​សល់​តែ​​៨ក្លិប​ប៉ុណ្ណោះ ក្រោយ​ក្លិប Wolfdogs Nagoya របស់​ជប៉ុន ក្លិប Taichung Winstreak របស់​តៃវ៉ាន់ និង​ក្លិប Badding Wo Li VC របស់​ចិន បាន​ប្រកាស​ដក​ខ្លួន។

មូលហេតុ​ដែល​មាន​ក្លិប​ខ្លះ​ប្រកាស​ដក​ខ្លួន​ក៏​ព្រោះ​តែ​ពានរង្វាន់​មួយ​នេះ មាន​ការ​លើក​ពេល​ជា​បន្ត​បន្ទាប់ ដោយ​ដំបូង​ឡើយ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មេសា កន្លង​ទៅ​ ប៉ុន្តែ​បាន​​ប្តូរ​កាលបរិច្ឆេទ មក​កាន់​ខែ​កញ្ញា វិញ ព្រោះ​ជាន់​គ្នា​នឹង​ការ​ប្រកួត​កីឡា​អូឡាំពិក រដូវក្ដៅ នៅ​ក្រុង​ប៉ារីស។

ក្លិប​ដែល​នៅ​សល់​ទាំង​៨​នោះ​មាន​
*ពូល A
Shahdab Yazd (អ៊ីរ៉ង់)
Kuwait Sporting Club (គុយវ៉ែត)
Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី)
Pavlodar (កាហ្សាក់ស្ថាន)
*ពូល B
Gas Al Janoob (អ៊ីរ៉ង់)
Al-Rayyan (កាតារ)
Kam Air (អាហ្វហ្គានីស្ថាន)
Foolan Sirjan Iranian (អ៊ីរ៉ង់)

សម្រាប់​ក្លិប Jakarta Bhayangkara Presisi របស់​ឥណ្ឌូណេស៊ី ត្រូវ​បាន​គេហទំព័រ worldofvolley បញ្ជក់​ថ្មីៗនេះ​ថា បាននាំយក​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ ជម្រើស​ជាតិ​បារាំង ២រូប​មក​ចូលរួម​ក្រុម មុន​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ីរ៉ង់ ដែល​ជា​ទីកន្លែង​ត្រូវ​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប។ កីឡាករ​ទាំង​២​រូប​នោះ​មាន Earvin Ngapeth និង Jean Patry។

ក្នុង​ការ​ប្រកួត​ពានរង្វាន់ Asian Men’s Club Volleyball Championship កន្លង​ទៅ​ក្លិប Jakarta Bhayangkara Presisi បាន​ត្រឹម​រង​ជើង​ឯក​ក្រោយ ចាញ់​​ក្លិប Suntory Sunbirds របស់​ជប៉ុន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​៣សិត​ទល់១សិត នៅ​ទីក្រុង Manama ប្រទេស​ប៉ារែន។

ពានរង្វាន់ Asian Men’s Club Volleyball Championship បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩៩ ដោយ​ប្រកួត​រាល់​១​ឆ្នាំ​ម្តង ប៉ុន្តែ​មាន​ការ​កំណត់​កូតា​តាម​​ជា​៤​តំបន់​ក្នុង​ទ្វីប​អាស៊ី ដោយ​ក្នុង​នោះ​មាន​​អាស៊ី​កណ្តាល, អាស៊ី​ខាង​លិច, អាស៊ី​ខាង​កើត និង​អាស៊ី​ភាគ​អាគ្នេយ៍។ ក្លិប​មក​ពី​ប្រទេស​អ៊ីរ៉ង់ ឈ្នះ​ពានរង្វាន់​នេះ​​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៦ ដង ខណៈ​ក្លិប Paykan Tehran ឈ្នះ​បាន​៨ដង​ម្នាក់​ឯង៕

Share.