ព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក “ង”ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី។

ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននេះ ប្រារព្ធនៅ បរិវេណសាលាខេត្ត ទួលបារាយណ៍អណ្ដែត ចុងប៉ម រោងតម្ភល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី”ដើម្បីទទួលបានជោគជ័យរលូនក្នុងការប្រណាំងទូក ង នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។


ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវង មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងនោះមានទូក ង ចូលរួមប្រណាំងមកពី០៦ស្រុក ដូចជា៖ ស្រុកពោរាង មានទូកខ្លីចូលរួមចំនួន២៨ ទូក , ទូកវែងចំនួន០៨ទូក។ ស្រុកពាមរកិ៍ មានទូកខ្លីចូលរួមចំនួន០៤ ទូក , ទូកវែងចំនួន០៣ទូក។ ស្រុកពារាំង មានទូកខ្លីចូលរួមចំនួន០២ ទូក , ទូកវែងចំនួន០៥ទូក។ ក្រុងព្រៃវែង មានទូកខ្លីចូលរួមចំនួន០៨ ទូក។ ស្រុកស៊ីធរកណ្តាល មានទូកខ្លីចូលរួមចំនួន០៣ ទូក , ទូកវែងចំនួន០១ទូក។ ស្រុកពាមជរ មានទូកខ្លីចូលរួមចំនួន០២ ទូក , ទូកវែងចំនួន០១ទូក។សរុបទាំងអស់មានចំនួន៦៥ទូក។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រណាំងទូក ង នៅខេត្តព្រៃនេះ នឹងរៀបចំពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ខណ:នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃបិទកម្មវិធី នឹងមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលចិត្ត និងស្រឡាញ់វិស័យកីឡាប្រណាំងទូក ង នេះ។ ជាមួយនេះព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័ណ៌បង្ហាញផលិតផល ម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងការប្រគុំតន្ត្រីសម័យផងដែរ។
ដូចច្នះសូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកំសាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង។


សម្រាប់កម្មវិធីប្រណាំងទូក ង រយៈពេលពីរថ្ងៃទៅខេត្តព្រៃវែងនេះ សារព័ត៌មានត្រយង បានទទួលសិទ្ធឡាយផ្ទាល់ផងដែរ។ ដូច្នេះប្រិយមិត្តអាចទស្សនាការ Live ផ្ទាល់ ពីផេករបស់ សាព័ត៌មានត្រយង តាមរយៈផេក https://www.facebook.com/me/ ឬhttps://www.facebook.com/me/ បានដូចគ្នា៕


អត្ថបទ៖ សង្គម

