រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ) រួមជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជាសហធិបតី ក្នុងពិធីបើក “វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៥” នៅមជ្ឈមណ្ឌលម៉ានី។
វេទិកានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក.ជ.យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូបង្រៀន និងយុវជន សិស្សនិស្សិត សរុបប្រមាណ ៥៣៥នាក់។
គោលបំណងឆ្លើយតបនឹងស្ថានការណ៍ជាតិ
វេទិកាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច និងពង្រឹងខឿនការពារជាតិ បន្ទាប់ពីរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថ្មីៗនេះ។
កម្មវិធីសំខាន់ៗរួមមាន៖
- បាឋកថាពិសេស Nation and People First។
- វេទិកាពិភាក្សាស្តីពី យុវជន និងការកសាងស្មារតីស្នេហាជាតិ។
- បាឋកថាពិសេស ស្តីពី អ្វីជាខឿនការពារជាតិដ៏ពិតប្រាកដ?
- វេទិកាពិភាក្សាស្តីពី ការពារជាតិ៖ យុវជន ១រូប ទាហាន ១រូប។

ការពារអធិបតេយ្យជាតិក្នុងបរិបទថ្មី
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជួបជុំយុវជនជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកចំណេះដឹង និងជំនឿជាក់លើអនាគតជាតិ ដែលស្ថិតនៅលើសមត្ថភាព បេះដូង និងកម្លាំងចិត្តរបស់យុវជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចពីចំណុចសំខាន់ៗចំនួនបី៖
- បម្រែបម្រួលសណ្ដាប់ធ្នាប់ពិភពលោក (នយោបាយ/សន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យា)។
- និន្នាការសាកល (ឥទ្ធិពលបណ្ដាញសង្គម កម្តៅពិភពលោក និងជំនាញថ្មីៗ)។
- ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ឯកឧត្តមបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពជាតិបច្ចុប្បន្ន មិនមែនមានអត្ថន័យត្រឹមតែការពារទឹកដីទេ គឺរួមទាំង ការការពារវប្បធម៌ គុណតម្លៃ លំហឌីជីថល បរិស្ថាន និងអត្តសញ្ញាណជាតិ ផងដែរ។ យុវជនត្រូវតែមាន ទឹកចិត្តស្នេហាជាតិ ឥរិយាបថល្អ និងការតាំងចិត្តខ្ពស់ ចំពោះបុព្វហេតុជាតិ។
ដាក់ផលប្រយោជន៍ជាតិជាអាទិភាព
ជាសហធិបតី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបាឋកថាពិសេសស្ដីពី “Nation and People First” ដែលជាគោលគំនិតនៃការដាក់អត្ថប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាអាទិភាព។
ឯកឧត្តមបានបញ្ជាក់ថា គោលគំនិតនេះគឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំប្រកបដោយនិរន្តរភាព និងឆ្លុះបញ្ចាំងពីកាតព្វកិច្ច និងសីលធម៌ដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការបម្រើ និងការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ក្នុងនោះឯកឧត្តមបានជំរុញយុវជនឱ្យ៖
- មានមោទនភាពជាតិ និងទំនួលខុសត្រូវជាពលរដ្ឋល្អ។
- មានការឯកភាពគ្នាក្រោមស្មារតីសន្តិភាព ស្នេហាជាតិ និងការអភិវឌ្ឍ។
- ឈានមុខក្នុងការចូលរួមចំណែកដោះស្រាយបញ្ហា តាមរយៈការងារស្ម័គ្រចិត្ត និងការចែករំលែកភាពវិជ្ជមាន។
ជាចុងក្រោយ ថ្នាក់ដឹកនាំបានលើកទឹកចិត្តប្រជាជន ជាពិសេសយុវជន ត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាចិត្តចូលរួមចំណែករក្សាភាពអត់ធ្មត់ជាអតិបរមា សេចក្តីថ្លៃថ្នូរ និងការពារឱ្យខានតែបាននូវ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ៕



អត្ថបទ៖ត្រយង

