លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើក​ឡើង​ថា ផ្អែល​លើ​លទ្ធផល​ប្រកួត​កីឡាជាតិលើកទី៤ ប្រភេទកីឡាបាល់ទះក្នុង​សាល ក្រោយ​ការដឹក​នាំ​ចង្អុល​បង្ហាញ​ពី​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា យើង​នឹង​រៀប​ចំពាន​រង្វាន់​កីឡាបាល់ទះ ៧មករា ដែល​មាន​ឈ្មោះ​ថា«ពានរង្វាន់ ឯកត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥»។

អនុប្រធាន បាន​បន្ថែម​ថា វាគឺ​ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យ មុន​ឈាន​ដល់​ការប្រកួត​«តេជោលីគ» ដែល​ក្លិប​ទាំង​អស់​ត្រូវ​ការ​សម​ដៃ ដែល​ពាន ៧មករា នឹង​មាន​វិញ្ញាសានារី ដែល​គ្រោង​អញ្ជើញ​ក្លិបដែល​មក​ពី​សាលាឯកជន ដោយ​សង្គេត​ឃើញ​ថា​កីឡាករ​នារី​នៅ​តាម​បណ្ដាល​ក្លិប​ សាលារៀន​វិស័យ​ឯកជន មាន​ការសប្បទាល្អ។ ការចាប់​ផ្ដើម​ នឹង​មាន​ការប្រមូល​ផ្ដុំ​រៀង​រាល់​ថ្ងៃសៅរ៍ អាទិត្យ ឈាន​ដល់​ដូច​ទៅ​និង​បុរស។

លោក បន្ថែម​ថា សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ នឹង​មាន​ការរៀប​ចំប្រកួត​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា Preseason ដើម្បី​អោយ​កីឡាករ​បាន​ត្រៀម​ខ្លួន ក៏ដូចជាអោយ​គ្រូបង្វឹក​មើល​ពី​ចំណុច​ខ្វះខាត់​របស់​កីឡាករ ក្រុម ដើម្បី​ធ្វើ​ការកែលម្អ មុន​ការប្រកួត​លីគចាប់​ផ្ដើម។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​បញ្ជាក់ថា សម្រាប់​ពាន ៧មករា ឆ្នាំនេះ​ផងដែរ នឹង​មាន​ការអញ្ជើញក្លិប ក្រសួងមហាផ្ទៃ វិសាខា បញ្ជាការដ្ឋានអង្គរក្ស និងរដ្ឋាបាលរាជធានីភ្នំពេញ ដែល​ជាក្រុម​ Top4។

លោក មាន​ការជឿជាក់​ថា សម្រាប់​អត្តពលិក​ជានារី នឹង​មាន​ការ​ចូល​រួម​ទាំងអស់​គ្នា ព្រោះ​ថា​មួយ​រយ:​ចុង​ក្រោយ​នេះ​បេក្ខនារីដែល​ជា​អត្តពលិក ស្រលាញ់វិស័យ​បាល់ទះ​កាន់​តែ​ច្រើន​ជាង​បុរសទៀត ដែល​ធ្វើ​អោយ​សហព័ន្ធ ចិញ្ជឹម​ចិត្ត​បង្កើតវាអោយ​បាន។ ​

គួរបញ្ជាក់ថា ក្រោយចប់កីឡាជាតិលើកទី៤ សហព័ន្ធ​ កំពុង​សម្លឹង​មើលអត្តពលិកនារី ព្រោះថា​សហព័ន្ធកំពុង​ចិញ្ចឹម​ចិត្តបង្កើតវិញ្ញាសាបាល់ទះនារី ជាចំណុះ​អោយ​ថ្នាក់​ជាតិ សម្រាប់​សហព័ន្ធធ្វើការគ្រប់គ្រង។ ខណ:សម្រាប់​ប្រភេទកីឡាបាល់ទះផ្នែកនារី កីឡាជាតិលើកទី៤ ម្ចាស់មេដាយ​មាស​បាន​ទៅលើ ក្រុម​នារីខេត្តពោធិ៍សាត់ និងផ្នែក​បុរស បានទៅលើ​ខេត្តព្រៃវែង៕

Share.