វគ្គ​ជម្រុះ​តាម​ពូល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (17th Hun Sen Cup) ឆ្នាំ​២០២៤-២៥ នេះ​នឹង​រក​ឃើញ​ក្រុម​តំណាង​ឱ្យ​ពូល​ខ ចូលរួម​ប្រកួត​នៅ​វគ្គ​៨ក្រុម​ចុងក្រោយ​ជើង​ឯក​ថ្នាក់​ខេត្ត នៅ​រសៀល​នេះ ខណៈ​ពូល​ផ្សេង​ទៀត​បាន​រក​ឃើញ​អស់​ហើយ។

សម្រាប់​ពូល​ខ នេះ​មាន​ក្រុម​​សមាគម​បាល់ទាត់​ខេត្ត​ព្រះសីហនុ, សមាគម​បាល់ទាត់​ខេត្ត​កែប និង​តាកែវអែហ្វស៊ី ប៉ុន្តែ​សម្រាប់​ក្រុម​ព្រះសីហនុ បាន​អស់​កម្មវិធី​ត្រូវ​ប្រកួត​ហើយ ដោយ​នៅ​សល់​ក្រុម​ខេត្ត​កែប ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន​ទទួល​ក្រុម​ខេត្ត​តាកែវ នៅ​វេលា​ម៉ោង ៣:៣០នាទី​រសៀល​ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ។

លទ្ធផល​នៃ​ការប្រកួត​នៅ​ថ្ងៃ​នេះ នឹង​បញ្ជាក់​ឱ្យ​ឃើញ​ថា​តើ​ខេត្ត​កែប ឬ ខេត្ត​ព្រះសីហនុ នឹង​តំណាង​ឱ្យ​ពូល ខ ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ។ ដំណាល​គ្នា​នេះ​ដែរ​គណៈកម្មការ​នឹង​អាច​កំណត់​យក​ក្រុម​ចំណាត់​ថ្នាក់​លេខ២​ល្អ ក្នុង​ចំណោម​ពូល​ទាំង​៧​បាន​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ខេត្ត ៤ គ្មានក្រុម​តំណាង​​​ប្រកួត​ពាន Hun Sen Cup ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ២០២៤/២៥ ឡើយ

ដូច្នេះ​​ក្រុម​ដែល​កក់កៅអី​ឡើង​ទៅ​ជុំ​បន្ត​តាម​​ពូល​​នីមួយៗ មាន៖
ពូល ក៖ មន្ទីរអប់រំយុវជន​និង​កីឡា​ខេត្ត​កំពង់ស្ពឺ
ពូល ខ៖ មិន​ទាន់​ចប់​ការប្រកួត
ពូល គ៖ សមាគម​បាល់ទាត់​ខេត្ត​ស្វាយរៀង
ពូល ឃ៖ ក្លិប​បាល់ទាត់​ឈើតុំ ខេត្ត​ពោធិ៍សាត់
ពូល ង៖ ក្លិប​បាល់ទាត់​ឡាយអ៊ិនឃីង ខេត្ត​សៀមរាប
ពូល ច៖ សមាគម​កីឡា​បាល់ទាត់​ខេត្ត​កំពង់ធំ
ពូល ឆ៖ មន្ទីរអប់រំយុវជន​និង​កីឡា​ខេត្ត​ត្បូងឃ្មុំ
ក្រុម​ចំណាត់​ថ្នាក់​លេខ២​ល្អ​ជាង​គេ៖ មិន​ទាន់​កំណត់​បាន

ក្នុង​ចំណោម​ពូល​ទាំង​អស់​នៅ​សល់​តែ​ពូល ខ មួយ​ទេ ដែល​នៅ​សល់​​ប្រកួត​ក្នុង​ដៃ ក្រៅ​ពី​នោះ បាន​បញ្ចប់​ការ​ប្រកួត​តាម​ពូល​អស់​ហើយ ខណៈ​គូ​ចុងក្រោយ​ប្រចាំ​ពូល ខ នោះ​ក្រុម​សមាគម​បាល់ទាត់​ខេត្ត​កែប ត្រូវ​ជួប​ក្រុម​​តាកែវអែហ្វស៊ី នៅ​ថ្ងៃ​​ទី១២ ខែ​វិច្ឆិកា ខាង​មុខ វេលា​ម៉ោង​៣:៣០នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​កែប។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ​២០២៤-២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​រួច គណៈកម្មការ​ប្រកួត​នឹង​ដំណើរការ​ប្រកួត​វគ្គ​ជើង​ឯក​ថ្នាក់​ជាតិ​ម្តង ដែល​មាន​ក្រុម​សមាជិក​លីគ​កំពូល​កម្ពុជា កំពុង​រង់ចាំ។

សូម​បញ្ជាក់​ថា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មក​ម៉្លេះ ហើយ​​ដល់​ឆ្នាំ​២០១៨ ទើប​មាន​ការ​បែងចែក​ជា​២វគ្គ ស្រប​ពេល​ដែល​ក្រុម​ធ្លាប់​ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​ កន្លង​ទៅ​មាន៖
ជើង​ឯកថ្នាក់ខេត្ត៖
២០១៨៖ គីរីវង់សុខសែនជ័យ ១-២ សាលាបាល់ទាត់ជាតិបាទី
២០១៩៖ សៀមរាប ០-១ ត្បូងឃ្មុំ
២០២០៖ ព្រៃវែង ១-០ ត្បូងឃ្មុំ
២០២១៖ ត្បូងឃ្មុំ ០-៣ កោះកុង
២០២២៖ ឧត្តរមានជ័យ ០-១ ភ្នំពេញហ្គាឡាក់ស៊ី
២០២៣៖ កំពង់ចាម ២-០ ត្បូងឃ្មុំ

Share.