សិល្បៈជាតិ៖ ថ្មីៗនេះមានការប្រកាសចេញពីទំព័រហ្វេសប៊ុកផេករបស់រោងភាពយន្តល្បីៗនៅក្នុងប្រទេសកម្ពុជាដែលទម្លាយដំណឹងឱ្យដឹងថា ភាពយន្តខ្មែរបែបរន្ធត់ដ៏ល្បីល្បាញកាលពីជាង ២០ ឆ្នាំមុនគឺរឿង «ខ្មោចដើមចេកជ្វា» គ្រោងនឹងផលិតថ្មីឡើងវិញដោយសហផលិតកម្ម និងសហផលិតករ។

ជាមួយគ្នានោះដែរ រោងភាពយន្តទំនើបនិងស្ដង់ដារមួយនៅប្រទេសកម្ពុជា បានប្រកាសឡើងថា ភាពយន្តខ្មោចដ៏ល្បីឈ្មោះខាងលើនេះ កំពុងរៀបចំផលិតជាថ្មីឡើងវិញដោយមានការសហការផលិតជាមួយនឹងផលិតករនិងអ្នកដឹកនាំជើងចាស់កាលពីឆ្នាំ២០០៥ គឺលោកឧកញ៉ា ហេង តុលា ដែលនឹងផ្តល់ជូនជាថ្មីនូវភាពរន្ធត់ព្រឺរោមហើបខ្លួនពីកៅអីជាមួយសាច់រឿងចាស់លាយបញ្ចូលនូវបច្ចេកទេសថ្មីនៃការផលិត។

យ៉ាងណាមិញ ភាពយន្ត «ខ្មោចដើមចេកជ្វា» ផលិតថ្មីនេះក៏ត្រូវបានបញ្ជាក់ថា នឹងចូលមកចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនៅឆ្នាំ ២០២៥ ខាងមុខ ប៉ុន្តែនៅមិនទាន់ច្បាស់ថា បញ្ចាំងនៅក្នុងថ្ងៃណាខែណានៅឡើយទេ។

គួររំលឹកដែរថា ភាពយន្ត «ខ្មោចដើមចេកជ្វា» ធ្លាប់ត្រូវបានផលិតឡើងដោយផលិតកម្មខេមប្រូ របស់លោកឧកញ៉ា ហេង តុលា កាលពីឆ្នាំ ២០០៥ ដែលភាពយន្តនេះ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងក្នុងស្រុកនោះទេ អំឡុងពេលនោះ ខាងប្រទេសថៃក៏សុំសិទ្ធបញ្ចូលសម្លេងថៃដាក់ផលិតកម្មថៃបញ្ចាំងក្នុងប្រទេសថៃទទួលការគាំទ្រខ្លាំងក្លាមិនចាញ់គ្នា។

ដោយឡែក លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងជាអ្នកដឹកនាំរឿងជើងចាស់និងជាអ្នកដឹកនាំសម្ដែងរឿងនេះមួយរូបដែរ ក៏ធ្លាប់បានចេញមកប្រកាសប្រាប់មហាជនអ្នកគាំទ្រស្នាដៃរបស់លោកថា លោកក៏គ្រោងនឹងផលិតភាពយន្ត «ខ្មោចដើមចេកជ្វា» នេះដូចគ្នា ប៉ុន្តែគម្រោងនេះបានស្ងប់ស្ងាត់ទៅវិញដោយមិនទាន់ឃើញមានសកម្មភាពថ្មីអ្វីទៀតនៅឡើយ។

យ៉ាងណាមិញ ជាមួយការផលិតឡើងវិញនូវភាពយន្ត «ខ្មោចដើមចេកជ្វា» ក្រោមកិច្ចសហការរវាងផលិតកម្ម ឯកភ្នំ ផលិតកម្ម TINY FILM និងផលិតកម្ម​ Westec Media បានកំពុងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រអន្ទះសារចង់ឃើញស្នាដៃថ្មីនេះជាខ្លាំង។ ដូច្នោះយើងនឹងរង់ចាំអ៊ុតមើលទាំងអស់គ្នាថា រសជាតិថ្មីនៃការផលិតរឿងចាស់មួយនេះ មានគុណភាពល្អខ្ពស់ឈានដល់កម្រិតណា? មួយវិញទៀត តើតួស្រីរូបណា នឹងចូលមកជំនួសអ្នកនាង សាំ ភស្តា ដែលសម្ដែងជាតួនាង នុត ?

Share.