សិល្បៈជាតិ៖ យោធាសង្ហាមកពីខេត្តបាត់ដំបងគឺលោក នៅ ប៊ុនធា បានទទួលតំណែងជា Mister International Cambodia ចូលរួមប្រកួតសមត្ថភាពចម្រុះលើវេទិកាបុរសឯកអន្តរជាតិឆ្នាំ ២០២៤ ឬ Mister International 2024 ដែលគ្រោងធ្វើឡើងនៅប្រទេសថៃ។

លោក នៅ ប៊ុនធា មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកមានឆន្ទៈលោកមានសាវតាសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យបៀលប្រាយ និងបានចូលរួមចំណែកយ៉ាងខ្ពស់ជាមួយកិច្ចការផ្សព្វផ្សាយវប្បធម៌ និងការងារសង្គមមួយចំនួនដូចជា កិច្ចការងារមនុស្សធម៌ ចុះចែកអំណោយ ចុះរាល់ការងារជួយដល់សង្គម ពិសេសតាមរយៈការងារជាអាវុធហត្ថផ្ទាល់តែម្តង។
ប៊ុនធា បានចូលបម្រើជាតិក្នុងតួនាទីជាមន្ត្រីកងរាជអាវុធហត្ថ ដោយបានលះបង់ពេលវេលាផ្ទាល់ខ្លួនចូលមកប្រឡូកក្នុងវិស័យប្រកួតបុរសឯកនៅកម្ពុជា។ លោកត្រូវបានជ្រើសឱ្យក្លាយជាតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដោយផ្សព្វផ្សាយពីវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបនៃមាតុភូមិនៅកាន់ពិភព។

យ៉ាងណាមិញ ក្រៅពីអាជីពជាយោធាហើយនោះ លោក ប៊ុនធា ក៏ជាអត្តពលិកមួយរូបដែលចូលចិត្តលេងកីឡាបាល់ទាត់ ហែលទឹក និងហ្វឹកហាត់កាយសម្បទាយ៉ាងពូកែរយៈពេល៩ឆ្នាំ ។ កន្លងមកលោកធ្លាប់បានបង្ហាញមុខចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational Cambodia ឆ្នាំ ២០២៣ និងចូលរួម Mister Cambodia ឆ្នាំ ២០២៤។
នៅពេលដែលលោកឈានជើងទៅកាន់ការប្រកួតលំដាប់ថ្នាក់អន្តរជាតិលើកនេះ លោក ប៊ុនធា បានយកក្តីស្រមៃខ្លួន និងកម្លាំងចិត្តពីប្រជាជនជាអ្នកគាំទ្ររបស់ប្រទេសកម្ពុជា ដោយប្តេជ្ញាចិត្តបង្ហាញពីសមត្ភភាព និងរូបរាងដ៏រឹងមាំរបស់បុរសខ្មែរ ឱ្យអន្តរជាតិបានឃើញថា កូនខ្មែរមានរូបរាងស្តង់ដារមិនចាញ់អន្តរជាតិទេ។ ហើយលោក ប៊ុនធា រំពឹងថា នៅអំឡុងពេលប្រកួត លោកនឹងកាន់មានទឹកចិត្តបន្ថែមទៀត ពីកម្លាំងជំរុញរបស់អ្នកគាំទ្រលោក។
សូមជម្រាបថា ការប្រកួត Mister International 2024 គ្រោងនឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះហើយ៕




