ភ្នំពេញ ៖ បុរសម្នាក់នាំប្រពន្ធនិងកូនប្រុស ចាកចេញពីស្រុកកំណើត មកស្នាក់អាស្រ័យក្នុងរាជធានីភ្នំពេញ ជាមួយមុខរបរដើរលក់នំកាឆាយទាំង២នាក់ប្តីប្រពន្ធ ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសម្រាប់កូនរៀនសូត្រ ។

ជួបជាមួយបងប្រុស សំអាត អាយុប្រហែល៤៥ឆ្នាំ មានប្រពន្ធឈ្មោះ ចន្ធី ជាអ្នកប្រកបរបរលក់នំកាឆាយតាមរទេះរុញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវលូប្រាំភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានរៀបរាប់ឱ្យដឹងថា គាត់មានស្រុកកំណើតនៅឯខេត្តតាកែវ មានកូនប្រុសម្នាក់ អាយុ១៥ឆ្នាំ បច្ចុប្បន្នកំពុងសិក្សានៅអនុវិទ្យាល័យជម្ពូវ័ន្ត។

លោកបន្តទៀតថា គ្រួសារគាត់នៅឯស្រុកកំណើត គ្មានការងារអ្វីធ្វើក្រៅពីស្រែចំការ ចំណូលគ្រាន់ជីវភាពគ្រួសារ គ្មានទាល់តែសោះ ដោយស្ថានភាពក្រលំបាក ម្យ៉ាងកូនរៀនសូត្រផង ទើបពួកគាត់សម្រេចនាំគ្នាមករាជធានីភ្នំពេញ ដោយស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយប្រកបមុខរបរ រុញរទេះលក់នំកាឆាយ គ្រាន់បានប្រាក់ចិញ្ចឹមជីវិត និង កូនរៀនសូត្រ ។

បុរសខាងលើបានឱ្យដឹងដែរថា នំគាត់ទទួលពីគេមកដែរ ដើម្បីចៀនលក់ គាត់រុញរទេះមួយ ចំណែកប្រពន្ធក៏រុញរទេះមួយលក់ដែរ ដើម្បីរួមគ្នា គ្រាន់បានប្រាក់ ក្នុងមួយថ្ងៃប្រសិនលក់ដាច់ច្រើន ចំណេញបានពី៥មុឺនរៀល ទៅ៨មុឺនរៀល រុញដើរលក់តាមដងផ្លូវ មុខរោងចក្រ ក្នុងរាជធានីភ្នំពេញសកម្មភាពទាំង២នាក់ប្តីប្រពន្ធនេះ ក៏ព្រោះតែចង់បានប្រាក់ចំណូល ផ្តោតលើការសិក្សារបស់កូនប្រុស មកដល់ឆ្នាំនេះរៀនបានដល់ថ្នាក់ទី៩ហើយ ។

ទាំងនេះជាគំរូមួយដ៏ល្អ តស៊ូដោយកម្លាំង ជាមួយរទេះរុញលក់នំកាឆាយ ដើម្បីចិញ្ចឹមជីវិតគ្រួសារ និងដើម្បីអនាគតកូនកំពុងតែសិក្សា ៕

អត្ថបទ៖សេង សាវី

Share.