ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយធ្វើការរំលឹក និងព្រមានធ្ងន់ៗទៅកាន់គណបក្សនយោបាយទាំងអស់ អំពីបម្រាមដាច់ខាតក្នុងការទទួលវិភាគទាន ឬហិរញ្ញប្បទានពីភាគីបរទេស ក្នុងរូបភាពណាក៏ដោយ ដែលសកម្មភាពនេះអាចប្រឈមនឹងការរំលាយគណបក្សចោល។

ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានពិនិត្យឃើញវែបសាយសារព័ត៌មាន The Sunday Guardian កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បានចុះផ្សាយអត្ថបទមួយស្តីពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខ។
ឆ្លើយតបនឹងព័ត៌មាននេះ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា៖ «ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន»។
ផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយបច្ចុប្បន្ន បានចែងច្បាស់ថា គណបក្សនយោបាយទាំងអស់ត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទានពី៖ ស្ថាប័នបរទេស, ក្រុមហ៊ុនបរទេស, ជនបរទេស និង អង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។
ក្នុងករណីរកឃើញថាមានការរំលោភបំពានលើបម្រាមនេះ ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការផាកពិន័យជាប្រាក់ និងអាចប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនយោបាយនោះចោលតែម្តង។ លើសពីនេះ ច្បាប់ក៏បានហាមឃាត់មិនឱ្យគណបក្សនយោបាយណាមួយ ស្ថិតនៅក្រោមចំណុះ ឬក្រោមការបង្គាប់បញ្ជារបស់គណបក្សនយោបាយ ឬរដ្ឋាភិបាលបរទេសនោះឡើយ។ ប្រសិនបើមានការល្មើសធ្ងន់ធ្ងរ តុលាការអាចសម្រេចផ្អាកសកម្មភាព ឬរំលាយគណបក្សនោះភ្លាមៗ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ ក្រសួងមហាផ្ទៃក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ និងលើកទឹកចិត្តដល់គណបក្សនយោបាយទាំងអស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីរួមចំណែកពង្រឹងនីតិរដ្ឋ កសាង និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងចូលរួមការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិកម្ពុជាផងដែរ៕

