នៅព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ខ្សែប្រយុទ្ធ Andres Nieto បានថ្លែងលើគណនីហ្វេសប៊ុកផ្លូវការថា៖‍ «ខ្ញុំជាជនជាតិខ្មែរ» ក្រោយទទួលបានសញ្ជាតិខ្មែរ ត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ ASEAN Championship 2024។

Nieto បន្តថា៖«ខ្ញុំកំពុងរស់នៅជាមួយអារម្មណ៍មួយដ៏ពិសេស ចាប់តាំងពីប្រកបអាជីពបាល់ទាត់ក្នុងប្រទេសកម្ពុជាអស់រយៈពេល ៥ឆ្នាំទីបំផុតខ្ញុំបានក្លាយជាពលរដ្ឋខ្មែរម្នាក់ ដែលជាសុបិនក្លាយជាការពិត។ អាស្រ័យហេតុនេះ ខ្ញុំសូមអរគុណជាខ្លាំង ដល់ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានបើកទ្វារឱ្យខ្ញុំមកកម្ពុជា ដើម្បីបង្ហាញទេពកោសល្យរបស់ខ្ញុំ ទន្ទឹមនឹងនោះ ខ្ញុំក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកទាំងអស់គ្នា ដែលជាផ្នែកមួយនៃដំណើរការនេះដ៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីពរបស់ខ្ញុំ និងអនាគតរបស់ខ្ញុំ»។

Nieto បន្ថែម«ខ្ញុំសន្យាថានឹងលេងតំណាងឱ្យប្រទេសដ៏ស្រស់ស្អាតនេះដោយការគោរពបំផុត និងវិជ្ជាជីវៈ ដូចអ្វីដែលខ្ញុំធ្លាប់ធ្វើនៅប្រទេសដើមរបស់ខ្ញុំកូឡុំប៊ី»។

Nieto បន្ត៖«ខ្ញុំត្រូវតែធ្វើការឲ្យបានខ្លាំង និងការសម្របខ្លួនជាមួយក្រុម ព្រោះកីឡាករដែលបានកោះហៅនេះសុទ្ធតែល្អ។ នៅទីនេះយើងមិនមែនសម្រាប់ខ្លួនតាមកីឡាករដែលចូលសញ្ជាតិនោះទេ តែយើងត្រូវតែសម្របខ្លួនជាមួយកីឡាករទូទៅ។ យើងត្រូវតែធ្វើការទាំងអស់គ្នាដើម្បីកម្ពុជា»។

គួរដឹងថាគោព្រៃកម្ពុជា ស្ថិតនៅពូល A ជាមួយទីម័រខាងកើត, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី ខណ:ពូល B មានក្រុមដូចជា វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ។

កម្មវិធីប្រកួតរបស់កម្ពុជា មានដូចជា៖

  • ៨ ធ្នូ ២០២៤ កម្ពុជា ប៉ះ ម៉ាឡេស៊ី ពហុកីឡដ្ឋានជាតិ
  • ១១ ធ្នូ ២០២៤ សិង្ហបុរី ប៉ះ កម្ពុជា ពហុកីឡដ្ឋានជាតិសិង្ហបុរី
  • ១៧ ធ្នូ ២០២៤ កម្ពុជា ប៉ះ ទីម័រខាងកើត ពហុកីឡដ្ឋានជាតិ
  • ២០ ធ្នូ ២០២៤ ថៃ ប៉ះ កម្ពុជា កីឡដ្ឋាន RAJAMANGALA៕

រូបភាព៖ Varaman

Share.