រដ្ឋមន្រ្តីការបរទេសថៃ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ថា ការគម្រាមកំហែងពន្ធគយរបស់អាមេរិក មិនគួរប្រើដើម្បីដាក់សម្ពាធលើប្រទេសថៃ ដើម្បីបង្ខំឱ្យចាប់ផ្ដើមការចរចាសន្ដិភាពជាមួយកម្ពុជា និងបញ្ឈប់ការប្រយុទ្ធនៅតាមព្រំដែនជាថ្មីនោះទេ។

ការលើកឡើងបែបមិនខ្វល់ និងមិនផ្ដល់តម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីដូណាល់ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី របស់មន្ត្រីថៃបែបបានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆិតាឈ្លានមកលើកម្ពុជា ជាពិសេសក៏ជាសក្ខីភាពបង្ហាញដែរថាតើអ្នកណាគឺជាអ្នកចាប់ផ្ដើមបាញ់មុន និងជំរុញឱ្យមានភាពតានតឹងនៅព្រំដែនកម្ពុជាថៃឡើងវិញ។

យោងតាមកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក លោក Sihasak Phuangketkeow រដ្ឋមន្រ្តីការបរទេសថៃ បានលើកឡើងថា ដោយសំអាងលើកិច្ចព្រមព្រៀងបទឈប់បាញ់ «យើងមិនគិតថា បញ្ហាពន្ធគយជាឧបសគ្គ ឬជាការដាក់សម្ពាធឱ្យថៃត្រឡប់ទៅរកសេចក្ដីប្រកាសរួម ទីក្រុងកូឡាឡាំពួ និងត្រឡប់ទៅរកដំណើរការនៃកិច្ចចរចាវិញនោះទេ»។

សម្ដីរបស់លោក សីហសក្ដិ នេះគឺធ្វើឡើងនៅចំពេលដែលភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរកំពុងតែកើតមានឡើងពោលជម្លោះរវាងប្រទេសទាំង២ បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ ក្រោយភាគីថៃ ព្យាយាមសាងស្ថានការណ៍ និងចោទប្រកាន់មកលើកម្ពុជា ដដែលជាដដែលរឿងទាហានខ្លួនជាន់មីន និងចុងក្រោយបង្អស់គឺបានបើកការបាញ់ប្រហារមកលើកម្ពុជាមុន ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់រហូតគ្រប់២៤ម៉ោង ទើបប្រើសិទ្ធិការពារខ្លួន និងការពារដែនអធិបតេយ្យភាពពីការឈ្លានពានរបស់សត្រូវ។ សកម្មភាពរបស់យោធាថៃនេះ គឺបានរំលោភបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព ២៦តុលា ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានលោក ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សីផងដែរ។

ការផ្ទុះអាវុធរយៈពេល ៥ថ្ងៃកាលពីខែកក្កដា កន្លងទៅ រវាងប្រទេសសមាជិកអាស៊ានទាំង២ បានធ្វើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ចូលធ្វើអន្តរាគមន៍ ជាមួយម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ដោយអាមេរិកបានព្រមានពីការតម្លើងពន្ធបដិកា ប្រសិនបើភាគីទាំង២ មិនបញ្ឈប់អរិភាព ដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។

ទំនាស់ដែលផ្ដើមចេញពីចុងកាណុងទាហានថៃ បានដឹងឮដល់សេតវិមាន ហើយកាលពីថ្ងៃទី១០ ខែធ្នូ ម្សិលម៉ិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសកម្ពុជា និងថៃ នៅថ្ងៃព្រហស្បតិ៍ នេះ (ម៉ោងក្នុងស្រុក)។

យ៉ាងណាម៉ិញ លោក ត្រាំ មិនទាន់ធ្វើការអត្ថាធិប្បាយលើការប្រយុទ្ធគ្នាជាថ្មីនៅឡើយទេ ប៉ុន្តែមន្ត្រីរដ្ឋបាលមួយរូបកាលពីថ្ងៃចន្ទ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាចិត្តក្នុងការបន្តបញ្ឈប់អំពើហិង្សាដ៏សាហាវនេះ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះមួយនេះ។

ងាកមកកម្ពុជាវិញ អ្នកវិភាគសម្លឹងឃើញថា កម្ពុជា តែងតែគោរពឥតងាករេនូវកិច្ចព្រមព្រៀងសន្តិភាព ព្រោះកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងដឹងថាសង្គ្រាមបង្កវិនាសសកម្មអ្វីខ្លះចំពោះអាយុជីវិតមនុស្ស ដូច្នេះគ្មានហេតុផលណាមួយដែលប្រទេសស្រលាញ់សន្តិភាព និងប្រើប្រាស់ពាក្យស្លោក អរគុណសន្តិភាព ដើម្បីរំលឹកពីគុណបំណាច់នៃសន្តិភាពឱ្យប្រជាជនខ្លួនចងចាំជាប់ជានិច្ចនោះ តើអាចទៅរួចដែរទេដែលកម្ពុជា បែរជាទៅបង្កសង្គ្រាម ឬបង្កើតអរិយភាពជាមួយប្រទេសជិតខាង? ពិតណាស់ គ្មានហេតុផលសមស្របណាមួយឡើយ ដែលកម្ពុជា ប្រទេសដែលអំពាវនាវឱ្យបញ្ចប់ទំនាស់ប្រដាប់អាវុធជាមួយថៃ និងស្នើសុំឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិចូលរួមតាមដានជាប់ជាប្រចាំគឺជាអ្នកបង្កហេតុមុននោះ៕

ប្រភព៖ Reuters

Share.