កម្មវិធីពិព័រណ៍សៀវភៅលើកទី១១ ក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» ដែលរៀបចំឡើងដោយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីជូនដំណឹង ក៏ដូចជាបង្ហាញពីគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះឡើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun&Moon នោះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានគូបញ្ជាក់ពីគោលបំណងសំខាន់ៗធំនៃការបង្កើតពិព័រណ៌សៀវភៅនេះចំនួន៥ ចំណុច
១.ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទនៅកម្ពុជា ដើម្បីឲ្យមានទីផ្សាក្នុង និងក្រៅប្រទេស
២.ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ និងជាសារមួយទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីបង្កើតជាគំនិតសម្រាប់ការសិក្សា និងការងារ
៣.បង្កើនកម្មវិធីនិទានរឿង និងគំនូររូបភាពផ្សេងៗដល់កុមារ ដើម្បីបណ្ដុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ
៤.គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា និងទូទាំងពិភពលោក។
៥.លើកទឹកចិត្តកវីនិពន្ធ អ្នកស្រាវជ្រាវ និងវិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗ បន្ថែមទៀត។

បន្ថែមលើសពីគោលបំណង ខាងលើ ឯកឧត្តម គីម ពីនន់ ក៏បានរំលេចឱ្យដឹងពីសកម្មភាពសំខាន់ចំនួន៧ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះរួមមាន៖
១. ការដាក់តាំងសៀវភៅ ដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការលក់បញ្ចុះថ្លៃជាពិសេស និងមានការចែកសៀវភៅជូនដោយឥតគិតថ្លៃ
២. វេទិកាបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច
៣. ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ និងវិទ្យាសាស្រ្ត
៤. ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ចាប់ផ្ដើមអំណានពីដំណាក់កាលដំបូងនៃជីវិត
៥. ការជួបពិភាក្សា និងការដកពិសោធន៍ ពីអ្នកនិពន្ធល្បីៗ ហើយក្នុងនោះក៏មានការចុះហត្ថលេខាពីអ្នកនិពន្ធដល់អ្នកអាន និងអ្នកគាំទ្រ
៦. កម្មវិធីអានរឿង និង ល្បែងសិក្សា សម្រាប់កុមារ
៧. ការប្រគំតន្ត្រី និងការសួរសំនួរ ដើម្បីចាប់យករង្វាន់ផ្សេងៗជាច្រើន
ក្រៅពីការរៀបរាប់ខាងលើនេះ ក៏មានសកម្មភាពសំខាន់ផ្សេងៗជាច្រើនទៀតផងដែរ។
បើតាមការឱ្យដឹងពីលោក ហុក សុខរិទ្ធ ឆ្នាំនេះកំណើន នៃការជួលស្ដង់ សម្រាប់តាំងលក់ សៀវភៅ និងសម្ភារៈផ្សេងមានការកើនឡើងរហូតដល់ ២៩២ស្ដង់ ក្នុងនោះមាន ២០ស្ដង់ ជាស្ដង់ អាហារ និងភេសជ្ជៈ ខណៈដែលចំនួនអ្នកមកចូលរួមក្នុងពិព័រណ៍កាលពីឆ្នាំ ២០២៣ មានចំនួនរហូតដល់ ២០ម៉ឺននាក់ ដូច្នេះគណៈកម្មាការសង្ឃឹមថា ឆ្នាំនេះ នឹងមានចំនួនចូលទស្សនាកាន់តែច្រើន ព្រោះស្ដង់ក៏មានកំណើនច្រើនជាងឆ្នាំមុន ចំណែកថ្ងៃនៃការដាក់តាំង ក៏ច្រើនជាងឆ្នាំមុន១ថ្ងៃផងដែរ។





សូមជម្រាបជូនថា កម្មវិធីពិព័រណ៍លើកទី១១ នៅកោះពេជ្រ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ក៏នឹងមានការអញ្ជើញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ឯកឧត្តម ខៀវ កាញារិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចូលរួមជាភ្ញៀវកិត្តិយសផងដែរ៕





