បាងកក៖ កងទ័ពជើងគោកថៃបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្នើបញ្ជូនក្រុមសិស្សនាយទាហាន និងសិក្ខាកាមយោធាទៅទទួលការសិក្សា និងហ្វឹកហ្វឺនជំនាញយោធាកម្រិតខ្ពស់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការរឹតបន្តឹងទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ។

តាមការបញ្ជាក់ពីប្រភពព័ត៌មានយោធាផ្លូវការ គម្រោងនេះមានគោលបំណងបញ្ជូនសិក្ខាកាមយោធាថៃទៅសិក្សានៅវិទ្យាស្ថានកងពលពាសដែករបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដើម្បីក្រសោបយកចំណេះដឹង បច្ចេកវិទ្យាយោធាទំនើប និងយុទ្ធសាស្ត្របញ្ជាការប្រយុទ្ធសម័យថ្មី។ ការផ្លាស់ប្តូរបទពិសោធន៍នេះ ធ្វើឡើងបន្ថែមលើលំហាត់សមយុទ្ធរួមគ្នានាពេលកន្លងមក រវាងកងទ័ពនៃប្រទេសទាំង២។
កងទ័ពជើងគោកថៃបានគូសបញ្ជាក់ថា កិច្ចពិភាក្សាទ្វេភាគីនេះបានផ្តោតជាសំខាន់លើការធ្វើទំនើបកម្មកម្មវិធីសិក្សា និងការដោះដូរវិជ្ជាជីវៈយោធា ដែលនឹងផ្តល់លទ្ធភាពឱ្យកងទ័ពថៃអាចសម្របសម្រួល និងអភិវឌ្ឍជំនាញដែលទទួលបាន ឱ្យស្របតាមតម្រូវការយុទ្ធសាស្ត្រ និងបរិបទប្រតិបត្តិការជាក់ស្តែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានទម្លាយនូវរបៀបវារៈសំខាន់ៗជាច្រើនទៀត រាប់ចាប់ពីការផ្លាស់ប្តូរព័ត៌មានផ្នែកសន្តិសុខស៊ីប័រ និងបច្ចេកវិទ្យាអវកាស ការអនុវត្តប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ការប្រមូលផ្តុំ និងវិភាគទិន្នន័យចេញពីប្រព័ន្ធឃ្លាំមើលព្រំដែន រហូតដល់ការប្រើយន្តហោះគ្មានមនុស្សបើក (Drone) ក្នុងបេសកកម្មយោធា។ បន្ថែមលើនេះ កិច្ចសហប្រតិបត្តិការនេះក៏បានគ្របដណ្តប់លើការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្ររួមគ្នា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែងដល់សន្តិសុខតំបន់ផងដែរ។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបនោះផងដែរ។ ក្នុងជំនួបនោះ ភាគីចិនបានអះអាងជាថ្មីនូវជំហរអព្យាក្រឹតឥតប្រែប្រួលរបស់ខ្លួន ព្រមទាំងសម្តែងការគាំទ្រពេញទំហឹងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ (កម្ពុជា-ថៃ) ក្នុងការដោះស្រាយរាល់ការខ្វែងគំនិតគ្នាដោយសន្តិវិធី។
ជុំវិញបញ្ហានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិយល់ឃើញថា គំនិតផ្ដួចផ្ដើមនេះមានទម្ងន់នយោបាយ និងយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅលើសពីកម្រិតបច្ចេកទេសយោធាធម្មតា។ ទោះបីជាថៃជានិច្ចកាលរក្សាតួនាទីជាសម្ព័ន្ធមិត្តយោធាផ្លូវការក្រៅអង្គការ NATO របស់សហរដ្ឋអាមេរិកក៏ដោយ ការបើកផ្លូវឱ្យយោធាចិនចូលរួមបណ្តុះបណ្តាលនាយទាហានជំនាន់ក្រោយរបស់ខ្លួន គឺជាការបង្ហាញយ៉ាងច្បាស់ពីការអនុវត្តគោលនយោបាយការបរទេសបត់បែន ដើម្បីកសាងតុល្យភាពអំណាច និងចៀសវាងការពឹងផ្អែកលើប្លុកបច្ចឹមប្រទេសតែមួយមុខ។
លើសពីនេះ ការសិក្សានៅចិននឹងបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេបញ្ជាការថៃនាពេលអនាគត និងយោធាចិន ព្រមទាំងបង្កើនភាពស៊ីគ្នានៃការប្រកបអាវុធ និងបច្ចេកវិទ្យាយោធា ជាពិសេសបន្ទាប់ពីថៃបានបញ្ជាទិញរថក្រោះ VT-4 និងគ្រឿងបរិក្ខារយោធាមួយចំនួនពីចិននាពេលកន្លងមក។ យ៉ាងណាមិញ ការឈានជើងចូលរបស់ចិនក្នុងវិស័យអប់រំយោធាថៃ ដែលធ្លាប់តែជាដែនឥទ្ធិពលប្រពៃណីរបស់អាមេរិក អាចបង្កជាក្តីបារម្ភដល់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់ និងការប្រុងប្រយ័ត្នលើកិច្ចសហប្រតិបត្តិការយោធាកម្រិតខ្ពស់នាពេលអនាគត។
សរុបមក សំណើនេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃអំណាចទន់ផ្នែកយោធារបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាការផ្លាស់ប្តូរតុល្យភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងតំបន់៕

