បាងកក៖ អ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់ថៃ បានចេញមុខរិះគន់យ៉ាងខ្លាំងៗចំពោះការចេញសារប្រកាសអាសន្នរបស់ស្ថានទូតចិនប្រចាំប្រទេសថៃ ដោយហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋចិនមកកាន់ប្រទេសថៃ ដោយបានចោទចំៗ និងសួរថា តើទង្វើនេះជា «ការទះកំផ្លៀងប្រទេសថៃ» ឬយ៉ាងណា និងបានអំពាវនាវកុំឱ្យបង្កើតភាពភ័យស្លន់ស្លោខុសពីការពិត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ លោក នាន់ទីវ៉ាត់ សាម៉ាត (Nantiwat Samart) អតីតអនុប្រធានទីភ្នាក់ងារព័ត៌មានបក្សឆាតថៃ បានសរសេរលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៩ ខែតុលា ដោយចោទសួរថា តើហេតុអ្វីបានជាស្ថានទូតចិនមិនព្រមសម្របសម្រួលជាមួយអាជ្ញាធរថៃ ឬចេញការព្រមានតាំងពីនៅក្នុងប្រទេសចិន មុនពេលប្រជាជនខ្លួនធ្វើដំណើរចេញមកក្រៅប្រទេស? លោកបានគូសបញ្ជាក់ថា ជនជាតិចិនកំពុងត្រូវគេបោកប្រាស់ក្រោមថ្វីដៃជនជាតិចិនដូចគ្នា និងបានចោទសួរថា តើទំនាក់ទំនងថៃ-ចិនបានធ្លាក់ចុះមែនទេ ឬមានអ្វីមិនប្រក្រតីនៅពីក្រោយការចេញសារព្រមាននេះ?

ការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នធ្វើដំណើរកាលពីថ្ងៃទី១៦ ខែតុលា ដោយព្រមានពលរដ្ឋខ្លួនអំពីល្បិចកលបោកប្រាស់ផ្តល់ការងារក្លែងក្លាយ ការជិះយានយន្តសង្ស័យ និងគ្រោះថ្នាក់នៃការត្រូវគេល្បួងឆ្ពោះទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាជាដើម។

ជាមួយគ្នានេះដែរ នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ភួងកែវកែវ បានស្នើឱ្យស្ថានទូតចិន រក្សាកម្រិតនៃការព្រមានឱ្យមានសមមាត្រសមរម្យ និងជៀសវាងការបង្កឱ្យមានភាពភ័យស្លន់ស្លោដែលមិនចាំបាច់។ រដ្ឋមន្ត្រីការបរទេសពូកែក្រឡិចក្រឡុចរូបនេះបានអំពាវនាវទាមទារឱ្យថៃ និងចិន ធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនោះ ដោយកត់សម្គាល់ថា មិនមែនមានតែជនជាតិថៃនោះទេដែលពាក់ព័ន្ធក្នុងបទល្មើសនេះ ដោយលោកបានចង្អុលមកប្រទេសជិតខាង៕

Share.