កំពូលតារាសម្ដែងហូលីវូដនិងជាទូតសុច្ឆន្ទៈ Guerlain បានឱ្យដឹងថាលោកស្រីត្រៀមនឹងត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្ពោធកម្មវិធីចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី នាស្រុកសំឡូត ខេត្តបាត់ដំបង។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដីប្រជាជន (People) ម្ចាស់ពានរង្វាន់អូស្ការរូបនេះបានឱ្យដឹងថា លោកស្រីនឹងធ្វើការងារបន្ថែមជាមួយនឹងអង្គការយូណេស្កូ ដើម្បីសិក្សាស្វែងយល់ពីរបៀបធ្វើការ ជាមួយបណ្ដាប្រទេសនានា ហើយការបណ្ដុះបណ្ដាលបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើងនៅផ្ទះរបស់ខ្ញុំ គឺនៅសំឡូត ប្រទេសកម្ពុជា។
ក្រោយបង្ហាញអំពីគម្រោងនេះហើយ លោកស្រី Angelina Jolie មានគម្រោងហ្វឹកហាត់ដល់ស្ត្រីកម្ពុជា តាមរយៈកម្មវិធី ចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី (Woman for Bee) ពីរបៀបនៃការចិញ្ចឹមសត្វឃ្មុំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
គួរជម្រាបថា លោកស្រី Angelina Jolieបានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម ពីមជ្ឈមណ្ឌលកុមារកំព្រា កាលពីអាយុត្រឹម៧ ខែ ហើយលោកស្រីក៏ទទួលបានព្រះរាជទានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥៕