មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអាវុធហត្ថចំនួន ២រូប ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយ ពាក់ព័ន្ធនឹងបទ​ល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើស​គ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់​ក្នុងការស៊ើបអង្កេត)និងកំពុងបន្តនីតិវិធី។

ជនសង្ស័យទាំង០២ ទី១ឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។

និងទី២ ឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ ព័ន្ធនឹងបទល្មើសស៊ីសំណូក ។ ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។

តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្ម នៅ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ ពាក់ព័ន្ធ នឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរ គ្រឿងញៀនដោយខុសច្បាប់។

មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម, អាវុធវែងកែច្នៃចំនួន១ដើម អាវុធខ្លី ចំនួន១ដើម, កាំភ្លើងបាញ់សត្វចំនួន១ដើម, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជន សង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។

ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់មន្ត្រីអាវុធហត្ថ ខេត្តតាកែវ ចំនួន៣នាក់មកធ្វើការសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណរិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តកណ្តាល បានបញ្ជូនជនទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណី ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។ ចំពោះឈ្មោះ លុយ សារ៉ុម បានបញ្ជូនទៅបញ្ញាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕

Share.