ហ្សាកាតា៖ គ្រោះមហន្តរាយបាក់ភ្នំសំរាមដ៏ធំបំផុតនៅប្រទេសឥណ្ឌូណេស៊ី បានបាក់សង្កត់លើរថយន្តដឹកទំនិញ និងតូបអាហារ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤នាក់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះនាថ្ងៃច័ន្ទ ទី៩ ខែមីនា​ នេះ ខណៈពួកគេកំពុងបន្តស្វែងរកមនុស្សយ៉ាងតិច ៥នាក់ទៀតដែលកំពុងបាត់ខ្លួន។

ហេតុការណ៍បាក់គំនរសំរាមនេះ បានកើតឡើងនៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃអាទិត្យ ម្សិលម៉ិញ នៅទីលានចាក់សំរាម Bantargebang ដែលស្ថិតនៅចម្ងាយតែ ២៥គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីហ្សាកាតា។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិបានឱ្យដឹងថា៖ «ក្រុមអ្នកជួយសង្គ្រោះកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងប្រើសុនខហិតក្លិនដើម្បីស្វែងរកជនរងគ្រោះ»។ មន្ត្រីជួយសង្គ្រោះជាង ៣០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ប៉ុន្តែប្រតិបត្តិការត្រូវធ្វើឡើងដោយប្រយ័ត្នប្រយែងបំផុត ដោយសារគំនរសំរាមនៅមិនទាន់មានលំនឹងនៅឡើយ។

ជនរងគ្រោះដែលស្លាប់រួមមាន អ្នកបើកបររថយន្តដឹកសំរាម ២នាក់ និងអ្នកលក់ដូរតាមតូបអាហារ ២នាក់ ដែលកំពុងធ្វើការ ឬសម្រាកនៅក្បែរនោះ ខណៈមនុស្ស ៤នាក់ផ្សេងទៀតបានរត់គេចខ្លួនទាន់ពេលវេលា។

ចំពោះមូលហេតុនៃការបាក់រលំនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង។ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពដែលអាចមានកើតមាន ដោយសារការព្យាករណ៍អាកាសធាតុបង្ហាញថា នឹងមានភ្លៀងធ្លាក់បន្តក្នុងរយៈពេល ២ថ្ងៃខាងមុខ។

សូមរំលឹកថា កាលពីឆ្នាំ ២០០៥ គ្រោះមហន្តរាយបាក់ភ្នំសំរាមស្រដៀងគ្នានេះនៅកោះជ្វាខាងលិច ដែលបង្កឡើងដោយការផ្ទុះហ្គាសមេតាន និងភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សរហូតដល់ ១៤៣ នាក់៕

ប្រភព៖ CNA

Share.