
នៅក្នុងបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនូវក្តីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងសកម្មភាពរបស់ភាគីថៃ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាទ្វេភាគីចំនួន ២៩ លើក ជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ តំណាងប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ភាគីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសកម្មភាពអវិជ្ជមានជាបន្តបន្ទាប់របស់ភាគីថៃ ដែលបានជះឥទ្ធិពលអាក្រក់ដល់សន្តិសុខ និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។




តាមរយៈការបង្ហាញភស្តុតាងទៅកាន់សហគមន៍អន្តរជាតិ ភាគីកម្ពុជាបានទម្លាយឱ្យឃើញថា ភាគីថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងយន្តហោះចម្បាំងទំនើបៗ រួមមានប្រភេទ F-16, Gripen និង T-50 ក្នុងការវាយប្រហារដោយមិនរើសមុខ ដែលសកម្មភាពនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន សាធារណៈ និងប៉ះពាល់ដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកទៀតផង។ បន្ថែមលើការប្រើប្រាស់កម្លាំងយោធា កម្ពុជាក៏បានលើកឡើងថាភាគីថៃ បានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង ឬដែលហៅថា Fait Accompli តាមរយៈការដាក់ពង្រាយរបងបន្លាលួស ការដាក់ជង្រុកភក់ បង្គោលអង់តែន និងការសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយខុសច្បាប់ចូលក្នុងដីកម្ពុជា។ សកម្មភាពរំលោភបំពាននេះបានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០ ០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន និងមិនអាចវិលត្រឡប់ទៅរស់នៅវិញបានដោយសុវត្ថិភាពឡើយ។
ក្រៅពីការប៉ះទង្គិចដោយអាវុធ កម្ពុជាក៏បានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សតាមរូបភាពផ្សេងទៀត រួមមានការបិទច្រកដែនតាមអំពើចិត្តដោយគ្មានការជូនដំណឹងជាមុន ការរើសអើង និងការប្រើអំពើហិង្សាលើពលករខ្មែរ រួមទាំងការប្រើប្រាស់សំឡេងដែលមានដេស៊ីបែលខ្ពស់ សំឡេងខ្ទរ និងសំឡេងយន្តហោះដើម្បីបង្កការរំខានដល់ផ្លូវចិត្តរបស់ប្រជាជននៅតាមព្រំដែន។ ជាការឆ្លើយតប ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិបានសម្តែងការត្រេកអរ និងសន្យាថានឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួនអំពីព័ត៌មានដ៏សំខាន់នេះ ខណៈដែលគ្រប់ភាគីទាំងអស់បានផ្ដល់យោបល់ឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព បូរណភាពទឹកដីរវាងគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសន្តិសុខ និងសិទ្ធិសេរីភាពពេញលេញសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

