យោងតាមអគ្គនាយកមជ្ឃមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) សកម្មភាពដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងមូលដ្ឋានក្នុង ខេត្តជំនួន៨ ត្រូវផ្អាកជាបណ្ដោះអាសន្ន រយៈពេលជិត៣ខែ (៨៥ ថ្ងៃ) គិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ខេត្តទាំងនោះរួមមាន ខេត្តកំពង់ចាម​, ក្រចេះ​, មណ្ឌលគីរី​, រតនគីរី​, ស្ទឹងត្រែង​, ត្បូងឃ្មុំ​, ស្វាយរៀង​ និងខេត្តព្រៃវែង​។

ឯកឧត្ដម ហេង រតនា ប្រធានCMAC បានឲ្យដឹងថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ​ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ​ទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក​ ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។

ឯកត្ដមបញ្ជាក់ថា​ ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ​ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់​នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។

ប្រធាន CMAC បានរំលឹកថា​ ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុង​រយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦ ៣៥៥ ៧២០ ដុល្លារ​អាមេរិក​ គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។ បេីគិតក្នុងរយ:ពេលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២២​ ដល់ចុងខែមករា​ ឆ្នាំ២០២៥នេះ​ អង្គភាពសុីម៉ាក់ទិសខេត្តខាងលេីបានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន ៥៦១ ពហុកោណ មានទំហំផ្ទៃដីចំនួន ១១ ១៩៥ ហិកតា​ រុករកឃេីញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ២៧ ០២២ គ្រាប់​ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន ១៧ ៩៧១គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ ចំនួន៦៩គ្រាប់។

ក្នុងពេលវេលានេះ​ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ​ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម​ សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលេី​ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង ១ ០០០ នាក់​របស់អង្គភាពសុីម៉ាក់និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋាន​របស់ខ្លួន ដេីម្បីអង្គភាពសុីម៉ាក់​អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វេីការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​សំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណេីចាំបាច់៕

Share.