វែបសាយព័ត៌មាន Chinadaily កាលពីល្ងាចថ្ងៃអង្គារ បានផ្សាយថា ជនជាតិប៉ាឡេស្ទីន ៧ នាក់ រួមទាំងកុមារ និងទារកម្នាក់បានស្លាប់ ហើយ ៤ នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ត្រិប ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ នេះបើយោងតាមអាជ្ញាធរការពារស៊ីវិលប៉ាឡេស្ទីន។

លោក Mahmoud Basal អ្នកនាំពាក្យអាជ្ញាធរនៅហ្គាហ្សា បានឱ្យដឹងថា មនុស្ស ៥ នាក់ រួមទាំងកុមារផង បានស្លាប់នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើ រថយន្តប្រភេទ Tucson មួយគ្រឿងនៅលើផ្លូវ Al-Qassam ក្នុងទីក្រុង Khan Younis ភាគខាងត្បូង។
ក្នុងហេតុការណ៍មួយទៀត កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅផ្ទះបីជាន់មួយដែលជាកម្មសិទ្ធិរបស់គ្រួសារ al-Banna ក្នុងសង្កាត់ al-Sabra ដោយបានសម្លាប់មនុស្ស ២ នាក់ និងរបួស ៤ នាក់ផ្សេងទៀត រួមទាំងកុមារ និងទារកម្នាក់។ ការវាយប្រហារនេះបានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់អគារ និងខូចខាតផ្ទះនៅក្បែរនោះ។

ក្រុម Hamas បានថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាថាជា «ការរំលោភបំពានយ៉ាងគឃ្លើនលើកិច្ចព្រមព្រៀងបទឈប់បាញ់» ហើយបានអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារលើជនស៊ីវិល។
ជាមួយគ្នានោះ ក្រុម Hamas ក៏បានប្រកាសពន្យារពេលការប្រគល់សាកសព ដែលគ្រោងទុកសម្រាប់ល្ងាចថ្ងៃអង្គារ ដោយព្រមានថា រាល់ការកើនឡើងនៃអំពើហិង្សារបស់អ៊ីស្រាអែលនឹង «រារាំងដល់ប្រតិបត្តិការស្វែងរក និងជីកកកាយដើម្បីស្រោចស្រង់យកសាកសពមកវិញ»។

សេចក្តីថ្លែងការណ៍របស់ Hamas បានធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថា លោកបានបញ្ជាឱ្យយោធាធ្វើការវាយប្រហារ «ជាបន្ទាន់ និងខ្លាំងក្លា» នៅហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលចោទប្រកាន់ក្រុម Hamas ថាបានបំពានបទឈប់បាញ់។
កាលពីថ្ងៃអង្គារ ដដែល ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា បុរសជនជាតិប៉ាឡេស្ទីន ៣ នាក់បានត្រូវកម្លាំងអ៊ីស្រាអែលសម្លាប់នៅភាគខាងលិចទីក្រុង Jenin ក្នុងតំបន់ West Bank។

ក្រុម Hamas បានអះអាងថា បុរសដែលត្រូវបានសម្លាប់ ២ នាក់ក្នុងចំណោម៣នាក់នោះ ជាសមាជិករបស់ខ្លួន ហើយពួកគេបានស្លាប់បន្ទាប់ពីមានការប៉ះទង្គិចអាវុធជាមួយកងកម្លាំងអ៊ីស្រាអែល។ ចំណែកកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេបានធ្វើ «ប្រតិបត្តិការប្រឆាំងភេរវកម្ម» នៅតំបន់ Kafr Qud៕

