ប៉េកាំង៖ ប្រទេសចិន បានប្រកាសពីវិធានការណ៍ដ៏ធំទូលាយមួយ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដែលផ្តោតលើអាជីវកម្មរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Google (GOOGL.O) ក្រុមហ៊ុនផលិតឧបករណ៍កសិកម្ម និងម្ចាស់យីហោម៉ូដ Calvin Klein ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញចិន ចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីក្រុងប៉េកាំងក៏បានដំឡើងពន្ធលើផលិតផលអាមេរិកផងដែរ ដូចជា ធ្យូងថ្ម ប្រេង និងរថយន្តមួយចំនួន ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការយកពន្ធថ្មីលើទំនិញចិន ដែលដាក់ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

រដ្ឋបាលរដ្ឋរបស់ប្រទេសចិន ទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារ បាននិយាយថា ក្រុមហ៊ុន Google ត្រូវបានគេសង្ស័យថា បានបំពានច្បាប់ប្រឆាំងភាពផ្តាច់មុខរបស់ប្រទេស ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។ ប៉ុន្ដែមិនមានព័ត៌មានលម្អិតបន្ថែមលើការស៊ើបអង្កេត ឬអំពីភស្ដុតាងដែលខ្លួនបានចោទប្រកាន់ក្រុមហ៊ុន Google ថាបានធ្វើបំពានច្បាប់នោះទេ។

ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Google បានប្រកាសបើកដំណើរការមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតតូចមួយនៅក្នុងប្រទេសចិន។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​រំសាយ​ក្នុងរយៈពេល ២ឆ្នាំ​ក្រោយ​មក ហើយ​ក្រុមហ៊ុន​មិន​ធ្វើ​ការ​ស្រាវជ្រាវពី AI នៅ​ក្នុង​ប្រទេស​ចិន​ទៀតទេ។

ដោយឡែកពីគ្នា ក្រសួងពាណិជ្ជកម្មរបស់ចិន បាននិយាយថា ខ្លួនបានដាក់ក្រុមហ៊ុន PVH Corp (PVH.N) ដែលជាក្រុមហ៊ុនកាន់កាប់ម៉ាកយីហោល្បីៗ រួមមាន Calvin Klein និង Tommy Hilfiger និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Illumina (ILMN.O) ទៅក្នុងបញ្ជី «អង្គភាពមិនគួរឱ្យទុកចិត្ត» របស់ខ្លួន។

ក្រសួងបានបន្ថែមថា ក្រុមហ៊ុនទាំង២ បានអនុវត្តនូវអ្វីដែលគេហៅថា «វិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិន» និង «ធ្វើឲ្យប៉ះពាសល់» សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

ក្រុមហ៊ុនដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅ អាចប្រឈមនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយផ្សេងទៀត ដោយរួមទាំងការបង្កកលើវិស័យពាណិជ្ជកម្ម និងការដកហូតប័ណ្ណការងារសម្រាប់បុគ្គលិកបរទេស។

នៅពេលដែលក្រុមហ៊ុន Google បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ក្រុមហ៊ុន PVH បាននិយាយថា «មានការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មចិន ដោយនិយាយថា ក្រុមហ៊ុនរក្សាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ រួមទាំងប្រតិបត្តិការស្របតាមស្តង់ដារ និងការអនុវត្តឧស្សាហកម្មដែលបានបង្កើតឡើង។

យ៉ាងណាក៏ដោយទាំងក្រុមហ៊ុន Google, PVH និង Illumina មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅក្រៅម៉ោងធ្វើការធម្មតារបស់សហរដ្ឋអាមេរិកនោះឡើយ៕

ប្រភព៖ Reuters

Share.