ការលើកឡើងរបស់ក្រសួងការពារជាតិនេះ គឺសម្ដែងការព្រួយបារម្ភចំពោះការឈ្លានពានរបស់កងទ័ពថៃ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែបើបណ្ដោយយូរៗទៅ ឱ្យថៃធ្វើអ្វីបានតាមទំនើងចិត្តនោះ នឹងក្លាយជាអាសន្នរោគ បង្កហានិភ័យដល់សន្តិសុខក្នុងតំបន់ ជាពិសេសប្រទេសតូចៗនិងខ្សោយជាងប្រទេសថៃ។

ដូចគ្នានឹងខ្លឹមសារខាងលើ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា ប្រសិនបើមិនមានចំណាត់ការត្រឹមត្រូវចំពោះទង្វើខុសច្បាប់របស់កងទ័ពថៃ ដែលបានឈ្លានពានលើព្រំដែនកម្ពុជា នោះអាចបង្កឱ្យថៃបន្តធ្វើទង្វើដូចនេះលើប្រទេសតូចៗផ្សេងទៀត។

ចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ចំណែកឯកម្ពុជាវិញនៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ថាតើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាពនិ ងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដនោះ។

ជាក់ស្តែង កងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀត។

បើទោះបីជាបានប្រព្រឹត្តនូវអំពើខុសច្បាស់អន្តរជាតិរាប់មិនអស់ទាំងអស់នេះហើយ កងទ័ពថៃមិនត្រឹមតែមិនបានចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមកចោទប្រកាន់កម្ពុជាយ៉ាងងងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេសដើម្បីបម្រើដល់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា និងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា សហគមន៍អន្តរជាតិនឹងមិនព្រងើយកន្តើយ ហើយអនុញ្ញាតឱ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាព តាមរយៈការបោះបង់ចោលកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយមកជ្រើសរើសការគំរាម និងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិច អាចបន្តទង្វើឈ្លានពានរបស់ខ្លួនដោយនិទណ្ឌភាព។ ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃទទួលខុសត្រូវចំពោះខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃក៏អាចធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន ដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។

អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖

  • បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន
    – បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើ ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
    – បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល
    – បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។
    យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។

ជមួយគ្នា កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ និងឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ផងដែរថា «គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។

កម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តគោរពបទឈប់បាញ់ និងអំពាវនាវឲ្យថៃត្រឡប់មកកិច្ចព្រមព្រៀងសន្តិ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ តុលា ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន។

Share.