ពលរដ្ឋកម្ពុជាបង្ហាញក្ដីព្រួយបារម្ភ និងអស់សង្ឃឹមដោយបានលើកឡើងថា ហេតុអ្វីទង្វើឈ្លានពានរបស់ទ័ពថៃដែលបានទម្លាក់គ្រាប់កម្ទេចនៅតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកដូចជាមិនត្រូវបាន អង្គការយូណេស្កូ ចេញមុខមកការពារឬនិយាយអ្វីទាល់តែសោះ ជាពិសេសហេតុអ្វីមិនព្រមប្រើយន្តការច្បាប់អន្តរជាតិថ្កោលទោស ឬប្រកាសដាក់សម្ពាធលើកងទ័ពថៃ រដ្ឋាភិបាល ឱ្យសមនឹងទង្វើបំផ្លិចបំផ្លាញដល់សម្បត្តិបេតិកភណ្ឌពិភពលោក។


អ្វីដែលគេឃើញបច្ចុប្បន្ននេះ យូណេស្កូ បានត្រឹមតែសម្ដែងការព្រួយបារម្ភទៅលើភាពតានតឹងនៃជម្លោះកម្ពុជា -ថៃ និងប្រកាសត្រៀមខ្លួនជួយរាល់ជំនួយបច្ចេកទេសទៅវិញ ចុះទង្វើឈ្លានពាន និងកំទេចប្រាសាទបុរាណរបស់ដូនតាខ្មែរ តើអ្នកណាជាអ្នកទទួលខុសត្រូវ? ដូច្នោះហើយ សំណួរសួរថា តើប្រាសាទបុរាណខ្មែរជាទីឋានសក្ការៈដ៏ស័ក្ដសិទ្ធដែលមានក្នុងបញ្ជីមរតកបេតិកភណ្ឌពិភពលោកនោះ ត្រូវការពារ និងទាមទាររកយុត្តិធម៌ដោយអ្នកណា?
មែនទែនទៅ តំបន់ប្រាសាទព្រះវិហារ ជាពិសេសប្រាសាទព្រះវិហារ បានរងនូវការការបំផ្លិចបំផ្លាញពីការឈ្លានពានរបស់យោធាថៃតាមរយៈការទម្លាក់គ្រាប់បែកធន់ធ្ងន់ជាលើកទី ៣ ដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាង ម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេសនិងបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសារជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមលេសចោទប្រកាន់ដោយគ្មានភស្តុតាងជាក់ស្ដែងហើយប្រើប្រាស់អាវុធមកបាញ់លើប្រាសាទបុរាណរបស់ដូនតាខ្មែរ មានជាឧទាហរណ៍ឱ្យឃើញស្រាប់នៅក្នុងការបាញ់ប្រហារថ្មីៗ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥:០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្ដោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃដដែល ការវាយប្រហារដោយ យោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។
ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពី យោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុនៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្នុងចេតនាញុះញង់ឱ្យមានការប៉ះទង្គិចគ្នាជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។ ក្រៅពីយោធាថៃបានបន្តបាញ់បំផ្លាញតំបន់ប្រាសាទព្រះវិហារ យោធាថៃបានបន្តទម្លាក់គ្រាប់ និងបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀតកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។
ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ យោធាថៃមិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់បំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោកប៉ុណ្ណោះ សូម្បីតែទីតាំងប្រជុំជន លំនៅដ្ឋានប្រជាពលរដ្ឋស្លូតត្រង់ សាលារៀន មន្ទីពេទ្យ ដែលប៉ះពាល់ជាច្រើនភូមិ រហូតតម្រូវឱ្យពលរដ្ឋកម្ពុជាបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដើម្បីទៅរកទីមានសុវត្ថិភាព។

ក្នុងនាមជាប្រជាជាតិខ្មែរ ដែលមានអារ្យធម៌ដ៏រុងរឿង និងចំណាស់ជាងគេមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាជាតិសាសន៍ស្រលាញ់សន្តិភាព និងក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងតែព្យាយាមប្រើសំឡេងអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម ជាតិ អន្តរជាតិ ដែលស្រឡាញ់បុរាណវត្ថុ ចូលរួមការពារបេតិកភណ្ឌនៃ មនុស្សជាតិ ដែលភាគីទ័ពសៀមកំពុងតែសង្គ្រឺតធ្មេញចង់កម្ទេច សូមចូលរួមជាមួយកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ព្រមទាំងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ ដំណាក់កាលកិច្ចអន្តរាគមន៍របស់សហគមន៍ ទាំងជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុតសម្រាប់កម្ពុជាដែលកំពុងត្រូវបានប្រទេសជិតខាងឈ្លានពានទឹកដី៕

