សេដ្ឋកិច្ចទេសចរណ៍៖ តាមក្រសួងទេសចរណ៍បានប្រកាសនាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលនឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ ដើម្បីជំរុញឱ្យមានលំហូរភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនសម្រុកមកកម្សាន្តនៅកម្ពុជា។ តើមានព្រឹត្តិការណ៍អ្វីខ្លះ?
ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ខេត្តតាកែវ និងខេត្តកំពង់ចាម នៅក្នុងខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះដូចជា ៖

1-ព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន
ព្រឹត្តិការណ៍មួយនេះនឹងរៀបចំឡើងនៅខេត្តកំពង់ចាម រយៈពេល ៥ ថ្ងៃដោយចាប់ពីថ្ងៃទី៧-១២ ខែមីនា ឆ្នាំ ២០២៥ ដោយមានការប្រគំតន្ត្រីធំៗ ពិព័រណ៍ចំណីអាហារ និងល្បែងកម្សាន្តចម្រុះសំបូរបែប។ ឆ្នេរខ្សាច់កោះបែ៉ន មានទីតាំងស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបានអភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍ដែលកាន់តែគួរឱ្យទាក់ទាញបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសគឺក្រោយពេលមានស្ពានបេតុង។ ភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរខ្សាច់កោះបែ៉ន ភាគច្រើនជាប់ចិត្តជាមួយ ម្ហូប លេងទឹកឬហែលទឹក ជិះទូក គយគន់ថ្ងៃលិច ទស្សនាឆ្នេរខ្សាច់ ជិះទាទឹក និងចំណុចពិសេសផ្សេងៗទៀត។
2-ព្រឹត្តិការណ៍បុណ្យទន្លេ
ព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នឹងរៀបចំធ្វើឡើងនៅទឹកដីខេត្តតាកែវ នាសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខ។។ បុណ្យទន្លេនៅកម្ពុជាប្រារព្ធក្នុងគោលបំណងគឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ គួររំលឹកថាតាមរយៈសំណើរបស់ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា បុណ្យទន្លេត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែមីនាជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានផ្ដល់សិទ្ធិឱ្យដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍អាចចេញប្រកាសកំណត់លម្អិត រាល់វិធាន និងនីតិវិធីនៃការរៀបចំបុណ្យទន្លេ។
៣-ព្រឹត្តិការណ៍សមរាត្រី
ព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត គឺមានរយៈពេល ៣ ថ្ងៃពីថ្ងៃទី២០-២២ ខែមីនា ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានអគយគន់សម្រស់ប្រាសាទអង្គរអមជាមួយនឹងពន្លឺព្រះអាទិត្យរះចំកំពូលប្រាសាទ។ សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរបានរៀបចំគិតគូរប្លង់ស្ថាបត្យកម្មប្រាសាទ គណនាតាមគណិតវិទ្យា សម្របតាមក្បួនតារាសាស្រ្ត ដោយតម្រូវតាមបាតុភូតធម្មជាតិនៃដំណើរគោចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍នៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ចំវេលាដែលរយៈពេលពេលថ្ងៃនិងយប់ស្មើគ្នានេះឡើង។ សូមជម្រាបថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៥នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅខែមីនាម្ដង និងក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត៕

