រយៈពេល៣ថ្ងៃពេញ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការប្រគំតន្ត្រីខ្នាតធំ ការដាក់តាំងបង្ហាញផលិតផលនានា ការលេងល្បែងប្រជាប្រិយផ្សេងៗ ការលេងបាញ់ទឹក និងការរាំលេងកម្សាន្តជុំគ្នាផងដែរ។


ចាប់តាំងពីថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តស្វាយរៀង ដើម្បីបង្កើតបរិយកាសសប្បាយខ្ញៀវខ្ញារ ជូនដល់ប្រជាពលរដ្ឋដែលត្រលប់មកស្រុកកំណើតជួបជុំក្រុមគ្រួសារ ឱ្យមានតែភាពរីករាយ នៅបរិវេណរង្វង់មូលវិមានឯករាជ្យ។ ក្រៅពីទីតាំងនោះនៅតាមបណ្ដាស្រុកនានា នៅក្នុងខេត្ត ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី សម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋបានដើរលេងកម្សាន្តសប្បាយដូចគ្នា។


ព្រឹត្តិការណ៍ដ៏រំភើបរីករាយ សង្ក្រាន្តស្វាយរៀងនេះ នឹងចាប់ផ្ដើមដំណើរការចាប់ពីម៉ោង១០ព្រឹក តទៅចាប់តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ដូច្នេះពុកម៉ែបងប្អូនអ្នកខេត្តស្វាយរៀង ឬអ្នកដែលចង់ស្គាល់ខេត្តស្វាយរៀងក៏អាចទៅចូលលេងកម្សាន្តសប្បាយ ក្នុងរយៈពេល៣ថ្ងៃនេះបានផងដែរ៕

