វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន បានទាក់ទងជាមួយឥណ្ឌា និងប៉ាគីស្ថាន ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកអ្វីដែលខ្លួនហៅថា «ដំណោះស្រាយដែលមានទំនួលខុសត្រូវ» ខណៈភាពតានតឹងរវាងប្រទេសទាំង២បានកើនឡើង បន្ទាប់ពីការវាយប្រហារនៅតំបន់កាស្មៀរ (Kashmir) នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ប្រទេសឥណ្ឌា បានស្តីបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា នេះ នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ដោយបានសម្លាប់មនុស្ស ២៦នាក់។ យ៉ាងណាភាគីប៉ាគីស្ថាន បានបដិសេធការទទួលខុសត្រូវ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញ។
យ៉ាងណាម៉ិញ បន្ទាប់ពីការវាយប្រហារនោះ ប៉ាគីស្ថាន បានបិទដែនអាកាសរបស់ខ្លួន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហើយប្រទេសឥណ្ឌា ក៏បានផ្អាកសន្ធិសញ្ញាឆ្នាំ១៩៦០ ស្តីពីការគ្រប់គ្រង និងចែករំលែកទឹកពីទន្លេ Indus និងដៃទន្លេរបស់ខ្លួនជាមួយប៉ាគីស្ថានផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាស្ថានភាពវិវត្តន៍មួយ ហើយយើងកំពុងតាមដានយ៉ាងជិតស្និទ្ធ។ យើងបានទាក់ទងជាមួយរដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងកម្រិតនានា។ សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យភាគីទាំងអស់ធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ»។


អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បាននិយាយផងដែរថា «ទីក្រុងវ៉ាស៊ីនតោន ឈរជាមួយឥណ្ឌា និងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅទីក្រុង ប៉ាហាលហ្គាម (Pahalgam) ដោយបញ្ជាក់ឡើងវិញនូវអត្ថាធិប្បាយស្រដៀងគ្នាទៅនឹងការលើកឡើងថ្មីៗ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance»។

សូមជម្រាបថា ឥណ្ឌា គឺជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន មានបំណងទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី ហើយប៉ាគីស្ថាន នៅតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទោះបីជាសារៈសំខាន់របស់ប្រទេសនេះសម្រាប់ទីក្រុងវ៉ាស៊ីនតោន បានថយចុះ បន្ទាប់ពីការដកសហរដ្ឋអាមេរិក ពីប្រទេសជិតខាងក្នុងឆ្នាំ២០២១ ពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយ៕

