សិល្បៈជាតិ៖ ពិតជាមិនធម្មតាមែន ការប្រកួត Miss Cosmo Cambodia 2025 ទទួលបានការសរសើរពីអ្នកគាំទ្រជាតិ និងអន្តរជាតិក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាពិសេសនោះគឺការបង្ហាញសមត្ថភាពរបស់បេក្ខនារីទាំង ២៤ រូបនារាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ។

ជាមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត កញ្ញា អ៊ិន លក្ខណា ម្ចាស់តំណែង Miss Cosmo Cambodia ឆ្នាំ ២០២៤ បានលើកឡើងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា កញ្ញាពិតជារំភើបដែលពេលវេលាថ្ងៃនេះបានមកដល់ ដោយកញ្ញាបានបំពេញតួនាទីក្នុងឆ្នាំរួចរាល់ជាស្រេច។ កញ្ញារំពឹងថា បេក្ខនារីដែលទទួលបានការគាំទ្រ និងទទួលបានមកុដនាថ្ងៃខាងមុខ នឹងតំណាងឱ្យប្រទេសជាតិយ៉ាងពេញសមត្ថភាព ប៉ុន្តែសូមកុំគិតថានេះគឺជាសម្ពាធ។

ក្នុងនាមជាគណៈកម្មការមួយរូប លោកជំទាវ កេន អច្ឆរ៉ា បានប្រាប់ពីការដាក់ពិន្ទុរដល់បេក្ខនារីគ្រប់រូបថា «ក្នុងនាមនាងខ្ញុំជាគណកម្មការមួយរូប សម្រាប់ការដាក់ពិន្ទុរ នាងខ្ញុំផ្ទាល់តែងតែធ្វើតាមគោលការណ៍ដាក់ពិន្ទុរបស់ Miss Cosmo Cambodia ដែលជារួមមានការផ្អែកលើកត្តាសំខាន់ៗមួយចំនួនដូចជា សម្រស់ ចំណេះដឹង និងភាពក្លាហាន ដែលមានការវាស់វែងច្បាស់លាស់។ ចំនុចសំខាន់ៗក្រៅពីនោះ បេក្ខនារីត្រូវមានភាពជឿជាក់លើខ្លួនឯង ជំនាញទំនាក់ទំនង វត្តមានលើឆាក និងបុគ្គលិកលក្ខណៈទូទៅ ជាពិសេសសម្ថតភាពលើកឆាករបស់គាត់ ក្នុងថ្ងៃនេះ និង វគ្គ Final តែម្តង»។

យ៉ាងណាមិញ តាមការឱ្យដឹងពីលោកស្រី Fiffany Vu នាយកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ ឬNational Director របស់ Miss Cosmo Cambodia បានលើកឡើងនូវចំណាប់អារម្មណ៍ថា ក្នុងនាមជា ND មួយរូបលោកស្រីពិតជាមានភាពសប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង ចូលរួមទស្សនាដោយផ្ទាល់ និងតាមទូរទស្សន៍ និងផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ពិសេសលោកស្រី សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះ។

លោកស្រី Fiffany Vu បន្តថា គោលដៅរបស់យើងគឺបញ្ចូលនូវចំនុចដែលល្អបំផុតនៃពិភពលោកយើងទាំងពីរ។ យើងប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដាពិភពលោករបស់ Miss Cosmo Cambodia ដោយបានផ្តល់នូវការផលិតគ្រប់ដំណាក់កាលដែលមានគុណភាពខ្ពស់ បេសកកម្មជំរុញឱ្យមានសកម្មភាព និងវេទិកាដែលមានឥទ្ធិពល។ ទន្ទឹមគ្នានេះ ពួកយើងមានការប្តេជ្ញាខ្ពស់ក្នុងការបង្ហាញនូវកិត្តិយ និងគុណតម្លៃនៃវប្បធម៌ ដោយធានារាល់កិច្ចការបានឆ្លុះបញ្ចាំងពីស្មារតីជាតិជាពិស្តារ។

សូមជម្រាបថា Miss Cosmo Cambodia 2025  ធ្វើឡើងដើម្បីស្វាគមន៍ការវិលត្រលប់មកវិញរបស់បេក្ខនារីដែលធ្លាប់បានជាប់ចំណាត់ថ្នាក់ក្នុងការប្រកួត រួមជាមួយនឹងមុខស្រស់ និងមុខមាត់ថ្មីដែលត្រូវបានកំណត់ដើម្បីកំណត់ស្តង់ដារភាពស្រស់ស្អាតឡើងវិញ។ យ៉ាងណាមិញ កុំភ្លេចរង់ចាំការប្រកួតនៅវគ្គ Grand Finale ដែលបេក្ខនារីទាំង ២៤ នឹងបង្ហាញសមត្ថភាពប្រជែងដ៏ខ្លាំងក្លា ទេពកោសល្យចម្រុះ និងការតស៊ូមតិប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធដណ្តើមមកុដ៕

Share.