ស្ថាប័នបវរកញ្ញាចក្រវាឡភាគីខាងលិច (MU West) ដែលជាដៃគូគ្រប់គ្រងស្មើភាពគ្នាមួយនៃអង្គការ Miss Universe Organization បានចេញមុខប្រកាសគាំទ្រយ៉ាងពេញទំហឹង និងត្រៀមផ្តល់ការការពារផ្នែកច្បាប់ដល់កញ្ញា Fátima Bosch បវរកញ្ញាចក្រវាឡឆ្នាំ២០២៥ ជនជាតិម៉ិកស៊ិក នៅក្នុងជម្លោះផ្លូវច្បាប់ដ៏ក្តៅគគុកជាមួយតា ណាវ៉ាត់ មេស្ថាប័ន MGI ដោយបានសង្កត់ធ្ងន់ថា ស្ត្រីគ្រប់រូបមិនគួរមានសម្ពាធហើយបង្ខំចិត្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីតែការពារឱកាស តំណែង ឬក្ដីស្រមៃរបស់ខ្លួននោះឡើយ។

ប្រតិកម្មយ៉ាងម៉ឺងម៉ាត់ពីស្ថាប័ន MU West បានកើតឡើងភ្លាមៗ បន្ទាប់ពីតា Nawat Itsaragrisil បានបង្ហោះសារលើបណ្តាញសង្គមជាមួយនឹងរូបថតឯកសារដែលមើលទៅដូចជាដីកាតុលាការ ឬឯកសារនគរបាលថៃ ដោយអះអាងថា អាជ្ញាធរថៃកំពុងពន្លឿននីតិវិធីដើម្បីចេញដីកាចាប់ខ្លួនកញ្ញា Fátima Bosch ក្រោមបទចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ជាការឆ្លើយតប ស្ថាប័ន MU West បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់ថា អំពើហិង្សា ការគំរាមកំហែង ការប្រមាថមើលងាយ និងការធ្វើបាបមកលើស្ត្រីក្នុងគ្រប់ទម្រង់ គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាតនៅក្នុងស្ថាប័នបវរកញ្ញា និងសង្គមរស់នៅសព្វថ្ងៃ។

ប្រភពដើមនៃជម្លោះផ្លូវច្បាប់ដ៏តានតឹងនេះ បានផ្ទុះឡើងតាំងពីថ្ងៃទី៤ ខែវិច្ឆិកា ក្នុងអំឡុងពេលនៃការរៀបចំសកម្មភាពប្រកួត Miss Universe 2025 នៅទីក្រុងបាងកក ប្រទេសថៃ នៅពេលដែលតា ណាវ៉ាត់ បានតវ៉ានិងចោទសួរនាងជាសាធារណៈជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍របស់អ្នកឧបត្ថម្ភ។ នៅក្នុងហេតុការណ៍នោះ កញ្ញា Fátima Bosch បានទម្លាយថា មេស្ថាប័ន MGI រូបនេះបានប្រើប្រាស់ពាក្យសម្ដីអសុរស និងបានជេរប្រមាថនាងថា «មេល្ងង់» នៅចំពោះមុខបេក្ខនារីឯទៀតដ៏គួរឱ្យអាម៉ាស់មុខ។ វីដេអូនៃជម្លោះនោះបានរីករាលដាលយ៉ាងរហ័សលើបណ្តាញសង្គម ហើយថែមទាំងបានបណ្តាលឱ្យបេក្ខនារីជាច្រើនរូបទៀតដើរចេញពីការប្រកួត ដើម្បីសម្តែងការគាំទ្រ និងការពារកិត្តិយសរបស់ Bosch ផងដែរ។

ស្ថាប័ន Miss Universe បានលើកឡើងបន្ថែមថា ការដែល Fátima Bosch ហ៊ានក្រោកឈរឡើងប្រឈមមុខនឹងការគំរាមកំហែងផ្លូវច្បាប់ពីសំណាក់តា ណាវ៉ាត់ គឺជាសារដ៏មានឥទ្ធិពលមួយទៅកាន់ស្ត្រីនៅទូទាំងពិភពលោក ថា តម្លៃស្ត្រី ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ដ្រី មិនមែនត្រូវបានដោះដូរដោយភាពស្ងៀមស្ងាត់នោះទេ ប៉ុន្តែវាជាសិទ្ធិជាមូលដ្ឋានដែលត្រូវតែការពារឱ្យជាដាច់ខាត។ ស្ថាប័នទូទាំងពិភពលោកមួយនេះ បានប្តេជ្ញាចិត្តថានឹងឈរនៅខាង Fátima ដោយមិនទុកឱ្យនាងតស៊ូប្រឆាំងនឹងការរំលោភបំពាន និងការគំរាមកំហែងផ្នែកផ្លូវច្បាប់តែម្នាក់ឯងឡើយ៕

Share.